Feature

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំ របស់ គ.ជ.ប

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នៅសាលប្រជុំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេច លើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើការផ្តល់យោបល់​ របស់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ប.ន.ឃ.ស) និងរូបភាព ស្ប៉ុតវីដេអូ អនុវត្តនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងបន្ថែមខ្លឹមសារក្នុងកំណត់ហេតុ ហើយបានសម្រេចឯកភាព លើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

២. របៀបវារៈទី២៖ លោកអគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍ថា សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អគ្គលេខាធិការដ្ឋាន គ.ជ.ប បានបញ្ជូនទៅឱ្យភាគីពាក់ព័ន្ធចំនួន ៨៤ ភាគី ដើម្បីផ្តល់យោបល់ អគ្គលេខាធិការដ្ឋាន គ.ជ.ប បានទទួលការផ្តល់យោបល់ ពីភាគីពាក់ព័ន្ធទាំងនោះត្រឡប់មកវិញចំនួន ៤៧ ភាគី។ ក្រុមការងារតាក់តែងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានពិនិត្យ និងប្រជុំពិភាក្សាថ្នាក់អង្គភាពជំនាញ រួចបានលើកយោបល់ជូន គ.ជ.ប ទៅតាមចំណុចនីមួយៗ ដូចមានចែងក្នុងប្រការ នៃសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ គ.ជ.ប ពិនិត្យ និងសម្រេច។

បន្ទាប់ពីបានស្តាប់របាយការណ៍ របស់អគ្គលេខាធិការ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើការផ្តល់យោបល់ របស់ភាគីពាក់ព័ន្ធទាំងនោះ ទៅតាមជំពូកនីមួយៗ រួចបានសម្រេចម្តងមួយជំពូកៗ។ សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនេះមានទាំងអស់ចំនួន ១៤ ជំពូក និងមានឧបសម្ព័ន្ធចំនួន ៩។ ពាក់ព័ន្ធនឹងការសម្រេចរបស់ គ.ជ.ប លើការផ្តល់យោបល់លើបទបញ្ជា និងនីតិវិធីនេះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់លោកអគ្គលេខាធិការ គ.ជ.ប ត្រូវរៀបចំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងពន្យល់បញ្ជាក់បន្ថែម ដល់ភាគីទាំងអស់អំពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាពិសេសអំពីការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការដាក់ពាក្យបណ្តឹងតវ៉ា និងបណ្តឹងជំទាស់។

៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងបានសម្រេចឯកភាពលើរូបភាពស្ប៉ុតវីដេអូ អនុវត្តនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦៕

To Top