អ្នកនាំពាក្យ៖ ក្រសួងបានត្រៀមការងារថ្មី ជូនកម្មករនៃរោងចក្រ៣ នៅបន្ទាយមានជ័យ ដែលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ទាំងតាម «១២៩៧» និង «ការចុះឈ្មោះ ជូនផ្ទាល់នៅរោងចក្រ»
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងបានត្រៀមឱកាសការងារថ្មី ជូនបងប្អូនកម្មករនិយោជិត នៃរោងចក្រចំនួន៣ នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការបិទរោងចក្រ ពីការឈ្លានពានរបស់ថៃ តាម “១២៩៧” និង ”ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ ” ជាមួយឱកាសការងារចំនួន ៩,១ ម៉ឺនកន្លែង។

លោកបានថ្លែងថា៖ «ក្រសួងបានត្រៀមឱកាសការងារ សម្រាប់បងប្អូនកម្មករដែលរងផលប៉ះពាល់ ហើយបងប្អូនអាចចុះឈ្មោះស្វែង រកការងារថ្មីតាមរយៈលេខ ១២៩៧ ឬអាចចុះឈ្មោះដោយផ្ទាល់នៅទីតាំងរោងចក្រ។ បច្ចុប្បន្ននេះ យើងមានឱកាសការងារប្រមាណ ៩,១ ម៉ឺនកន្លែង ក្នុងនោះការងារ ក្នុងវិស័យកាត់ដេរមានជាង ៧ម៉ឺនកន្លែង និងវិស័យអេឡិចត្រូនិកមានប្រមាណ ២ ពាន់កន្លែង»។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវ ដល់បងប្អូនកម្មករនិយោជិត ដែលរងផលប៉ះពាល់ កុំមានការព្រួយបារម្ភខ្លាំងចំពោះការស្វែងរកការងារថ្មី ដោយក្រសួងកំពុងសម្របសម្រួលផ្តល់ព័ត៌មាន និងភ្ជាប់អ្នកស្វែងរកការងារទៅកាន់និយោជកដែលកំពុងត្រូវការកម្លាំងពលកម្ម។

ជាមួយគ្នានេះ សម្រាប់បងប្អូនកម្មករដែលមានបំណង ផ្លាស់ប្តូរមុខរបរ ឬចង់បង្កើនជំនាញ ក្រសួងក៏បានលើកទឹកចិត្ត ឱ្យចូលរួមវគ្គបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាព និងពង្រីកឱកាសក្នុងការស្វែងរកការងារថ្មី។

លោក ស៊ុន មេសា ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវ ដល់បងប្អូនកម្មករនិយោជិតដែលរងផលប៉ះពាល់ ឱ្យចុះឈ្មោះតាមមធ្យោបាយ ដែលក្រសួងបានរៀបចំ ដើម្បីទទួលបានព័ត៌មាន អំពីឱកាសការងារ និងការណែនាំពីមន្ត្រីជំនាញ៕
