ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យជាក់ស្ដែង ស្ថានភាពផ្លូវ៣ខ្សែ នៅខេត្តសៀមរាប

 សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦​ ​បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ៣ខ្សែ ស្ថិតនៅក្នុងខេត្តសៀមរាប។

ផ្លូវទាំង៣ខ្សែនោះ រួមមានៈ
 
ខ្សែទី១ ឈ្មោះផ្លូវ ថ្នល់ដាច់-កំពង់ឃ្លាំង ជាផ្លូវល្បាយក្រួស មានប្រវែង ១១គ.ម. តភ្ជាប់ពីភូមិថ្នល់ដាច់ ឃុំដានរុន ទៅដល់ភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ ផ្លូវនេះ មានអ្នកទទួលផលសរុបចំនួន ២ ៦៩៨គ្រួសារ ស្មើនឹង ១១ ៤០៧នាក់។
 
ខ្សែទី២ ឈ្មោះផ្លូវ ផ្សារជ្រាវ-ភូមិវាល ជាផ្លូវល្បាយក្រួស មាន ២កំណាត់ ប្រវែងសរុប ៥.១៥​គ.ម​ តភ្ជាប់ពីភូមិជ្រាវ ទៅដល់បឹងពារាំងក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ក្នុងនោះ
-កំណាត់ទី១ ឈ្មោះផ្លូវ ផ្សារជ្រាវ-មជ្ឈមណ្ឌលវប្បធម៌ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រវែង ​៣,៦៥គ.ម.។
-កំណាត់ទី២ ចេញផ្លូវពីភូមិជ្រាវ ទៅដល់ភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រវែង ​១,៥គ.ម.។

ខ្សែទី៣ ឈ្មោះផ្លូវ ភូមិប្រឡាយ-បឹងពារាំង បំបែកចេញពីផ្លូវបេតុងតាវ៉ឺន ស្ថិតក្នុងភូមិប្រឡាយ និងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រវែង ​៨គ.ម. ។

ខ្សែផ្លូវទី២​ និងខ្សែទី៣​ ខាងលើនេះ មានអ្នកទទួលផលសរុបចំនួន ៣ ៣៩១គ្រួសារ ស្មើនឹង ១៣ ០៣៧នាក់។​ គួរជម្រាបជូនថា ការអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវទាំង៣ខ្សែនេះ​ ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង​ និងធ្វេីសិក្សាលទ្ធភាពក្នុងការជួសជុលជូនប្រជាពលរដ្ឋក្នុងតំបន់នោះប្រេីប្រាស់ ព្រមទាំងជួយក្នុងការលើកកំពស់សក្ដានុពលទេសចរណ៍ ក្នុងតំបន់នោះផងដែរ៕

To Top