ព័ត៌មានជាតិ

សម្តេចធិបតី៖ ការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន TH Automotive Manufacturing នៅកម្ពុជា រួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​​កម្ពុជា បានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យ​រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ ដែលនឹង​សម្ពោធជាផ្លូវការ​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ ​បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ ។
 
ការគូសបញ្ជាក់របស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអនុញ្ញាត​ឱ្យ លោក ណម តុង ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៦ នៅ​វិមាន​សន្តិភាព។

ក្នុង​ឱកាស​នោះ, លោក​ប្រធានក្រុមប្រឹក្សាភិបាល​បាន​​ សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងផ្តល់​ការ​គាំទ្រ និង​សម្របសម្រួល ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​ ប្រព្រឹត្ត​ទៅ​ដោយរលូន​។

លោក​ប្រធានក្រុមប្រឹក្សាភិបាល​ ក៏បាន​លើកឡើងពី​សមិទ្ធផល និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ដោយបាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិចែកចាយផ្តាច់មុខ​ នូវរថយន្តម៉ាក GAC និង​ Chevrolet នៅកម្ពុជា ហើយ​ក្រុមហ៊ុន ក៏បានពង្រីកការវិនិយោគ លើ​ការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ​ នៅប្រទេសកម្ពុជា​ ដោយរោងចក្របង្គុំ​ និងដំឡើងរថយន្តនេះ បានសាងសង់រួចរាល់​ និងបាន​ចាប់ផ្តើមដំណើរការបឋម​ នាពេលថ្មីៗនេះ។

លោកប្រធានក្រុមប្រឹក្សាភិបាល​ បានបន្ថែមទៀត​ថា ក្រុមហ៊ុនមានបុគ្គលិក កំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាល ជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្ត​ដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ ក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាល បានគោរពអញ្ជើញ សម្ដេចធិបតី ផ្តល់កិត្តិយសអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធផ្លូវការ នូវរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ ក្នុងពេលវេលាសមស្របណាមួយ នាឆ្នាំ២០២៦នេះ​។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអបអរសារទរ ចំពោះវឌ្ឍនភាពនៃប្រតិបត្តិការ​អាជីវកម្មរបស់ក្រុមហ៊ុន និងជឿជាក់ថា ក្រុមហ៊ុន នឹងបន្តរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះការពង្រីកការវិនិយោគ ជាបន្តបន្ទាប់របស់ក្រុមហ៊ុន​ ដែលការវិនិយោគលើវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជា និងផ្តល់នូវផលិតផល ដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ។

បន្ថែមលើនេះ, សម្ដេចធិបតី បានគូសបញ្ជាក់ អំពីគោលនយោបាយ និងយន្តការគាំទ្រនានា របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាបរិយាកាស វិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់ និង ភាពប្រកួតប្រជែង។

ជាងនេះទៅទៀត សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សិក្សាអំពីលទ្ធភាព ក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ឬសិប្បកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់សម្ភារបំពាក់ក្នុងរថយន្ត ក្នុងន័យបង្កើតតម្លៃបន្ថែម ដល់សេដ្ឋកិច្ចជាតិ៕

To Top