ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល​ ជាមួយអាចារ្យ អាចារិនី លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ ។

ពិធីសំណេះសំណាល របស់នាយករដ្ឋមន្ត្រីជាមួយអាចារ្យ អាចារិនីនេះ កើតឡើងបន្ទាប់ពីមានវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដែលដឹកនាំនិងគ្រប់គ្រង ដោយក្រសួងធម្មការ និងសាសនា ដែលបានបដិសន្ធិឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០០៩ ដោយពេលនោះ សម្តេចតេជោ បានមើលឃើញការរៀបចំ ពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗ ខុសៗគ្នា របស់អាចារ្យ ដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឱ្យមានការជជែកវែកញែក រកខុសរកត្រូវ មិនដាច់ស្រេច។

សម្តេចតេជោ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ បានផ្តល់អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ ដល់ក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតជាវគ្គបណ្តុះបណ្តាល តម្រង់ទិសអាចារ្យទូទាំងប្រទេស ឱ្យមានការឯកភាពគ្នា យោគយល់គ្នា លើការដឹកនាំពិធីកម្មសាសនា និងពិធីមង្គលនានា ធ្វើយ៉ាងណាកុំឱ្យមានវិបត្តិអាចារ្យកើតឡើង។

បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ក្រសួងធម្មការនិងសាសនា បានខិតខំស្វែងរក ធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យ ដែលមានចំណេះដឹង អាចចងចាំច្បាស់លាស់នូវពិធីកម្ម ចេះចាំទំនៀមស្រុកទេស ដែលមានសមត្ថភាពជំនាញខ្ពស់ មានបទពិសោធយូរឆ្នាំ ដើម្បីប្រជុំរៀបចំពិគ្រោះយោបល់ ពិភាក្សាអំពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ នេះឡើង ដែលអាចផ្តល់ឱកាសឱ្យ អាចារ្យ អាចារិនីទូទាំងប្រទេស បានចូលរួមសិក្សាឈ្វេងយល់ ផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធគ្នាទៅ វិញទៅមកលើទម្រង់ពិធីកម្មផ្សេងៗ ដែលមាននៅតាមមូលដ្ឋានភូមិស្រុក ក្នុងព្រះរាជាណាចក្រកម្ពុជា៕

To Top