Feature

លោក ឃួង ស្រេង ឱ្យនិស្សិតទៅសិក្សានៅហុងគ្រី ត្រូវប្រឹងរៀន និងជួយទាកទាញនិស្សិតបរទេស មកទេសចរណ៍នៅកម្ពុជា

ភ្នំពេញ៖​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំក្មួយៗដែលជានិស្សិតជ័យលាភី អាហារូបករណ៍រដ្ឋាភិបាល នៃប្រទេសហុងគ្រី ត្រូវសិក្សារៀនសូត្រឱ្យបានខ្លាំងក្លា និងធ្វើយ៉ាងណាទាក់ទាញ ឱ្យនិស្សិតក៏ដូចជាមិត្តភក្កិបរទេស​ មកទេសចរណ៍ស្រុកខ្មែរ ឱ្យបានច្រើន ។

ការណែនាំរបស់លោក ឃួង ស្រេង ខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមនិស្សិតជ័យលាភី អាហារូបករណ៍រដ្ឋាភិបាល នៃប្រទេសហុងគ្រី​ ចំនួន២៣រូប នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកថា ក្មួយៗនិស្សិត ដែលបានប្រឡងជាប់អាហារូបករណ៍ ទៅសិក្សារៀនសូត្រ នៅប្រទេសហុងគ្រី ត្រូវសិក្សារៀនសូត្រឱ្យបានខ្លាំង ដើម្បីយកចំណេះវិជ្ជាទាំងនោះ មកអភិវឌ្ឍប្រទេសកម្ពុជា ឱ្យរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ការប្រឡងជាប់ ជានិស្សិតអាហារូបករណ៍របស់ក្មួយៗ គឺជាមោទនភាពរបស់កម្ពុជា ហើយក៏ជាការបង្ហាញឱ្យឃើញ ពីខួរក្បាលដ៏វ័យឆ្លាតរបស់កូនខ្មែរ មិនចាញ់និស្សិតបរទេស នៅលើពិភពលោកឡើយ។

លោក ឃួង ស្រេង បានបន្តទៀតថា ថែមទាំងបានគូសបញ្ជាក់ថា ការសិក្សារៀនសូត្រមិនមែន បញ្ចប់ត្រឹមការសិក្សា នៅតាមសាលារៀនប៉ុណ្ណោះទេ ពោលគឺត្រូវរៀនឱ្យទាន់បច្ចេកវិជ្ជា រៀនសូត្រជារៀងរហូត ដើម្បីដណ្ដើមបានទីផ្សារការងារ នៅលើពិភពលោក។

ក្នុងនោះលោកអភិបាល បានណែនាំឱ្យក្មួយៗជានិស្សិតទាំងអស់ ដែលត្រូវទៅសិក្សារៀនសូត្រ នៅប្រទេសហុងគ្រី ត្រូវប្រកាន់ភ្ជាប់នៅប្រពៃណី ទំនៀមទំលាប់ របស់កម្ពុជាពិសេស សាមគ្គីភាពគ្នាឲ្យបានល្អ។ ធ្វើទំនាក់ទំនងឱ្យល្អ ជាមួយនឹងនិស្សិតបរទេស បង្ហាញពីវប្បធម៌ប្រពៃណី អត្តសញ្ញាណជាតិរបស់កម្ពុជា និងធ្វើយ៉ាងណាទាក់ទាញឱ្យមិត្តបរទេស ចាប់អារម្មណ៍ចង់មកទេសចរណ៍ នៅប្រទេសកម្ពុជា៕

To Top