ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ដ្រីបច្ចេកទេសចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវ១ខ្សែ និងតម្រាយផ្លូវ២ខ្សែ នៅខេត្តសៀមរាប

សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបនាព្រឹកទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ ស្ថិតនៅក្នុងខេត្តសៀមរាប។

ផ្លូវ១ខ្សែនេះ មានឈ្មោះផ្លូវ ប្រាសាទបាគង-កំពង់ភ្លុក ជាផ្លូវល្បាយក្រួស មានប្រវែង ៤គ.ម. តភ្ជាប់ពីកំណាត់ផ្លូវលេខ០៤៦ ត្រង់ចំណុចភូមិត្នោតកំបុត ទៅដល់ភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។ ផ្លូវនេះ មានអ្នកទទួលផលសរុបចំនួន ១ ១០៧គ្រួសារ ស្មើនឹង ៣ ៨២០នាក់។

គួរជម្រាបជូនដែរថា ការអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ខាងលើនេះ ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងធ្វើសិក្សាលទ្ធភាព ក្នុងការជួសជុលជូនប្រជាពលរដ្ឋ ក្នុងតំបន់នោះប្រើប្រាស់ ព្រមទាំងជួយក្នុងការលើកកម្ពស់ សក្ដានុពលទេសចរណ៍ ក្នុងតំបន់នោះផងដែរ។

ឆ្លៀតក្នុងឱកាសពិនិត្យស្ថានភាពផ្លូវនោះដែរ លោករដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាព និងតម្រាយផ្លូវចំនួន ២ខ្សែ ដែលខ្សែទី១ តភ្ជាប់ពីភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ទៅដល់ភូមិបន្ទាយឫស្សី ឃុំមានជ័យ ស្រុកប្រាសាទបាគង មានប្រវែង ៩,៦៨គ.ម. និងខ្សែទី២ តភ្ជាប់ពីភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ទៅដល់ភូមិបន្ទាយឫស្សី ឃុំមានជ័យ ស្រុកប្រាសាទបាគង មានប្រវែង ១១,៨៥គ.ម.៕

To Top