សម្តេចធិបតី បញ្ជាក់ទទួលយកមតិយោបល់ ក្នុងន័យស្ថាបនា កុំឱ្យតែជេរប្រទេច

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់នូវការទទួលយករាល់មតិយោបល់ ក្នុងន័យស្ថាបនា ឱ្យតែមានហេតុផល និងទឡ្ហីករណ៍ត្រឹមត្រូវ តែមិនអាចទទួលយកការជេរប្រទេចនោះទេ ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិអប់រំ ។
នាឱកាសនេះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា មានបញ្ញាវន្ត នៅក្រៅប្រទេស និងក្នុងប្រទេសច្រើន ដែលមិននៅក្នុងរដ្ឋាភិបាល ដែលចង់ជួយជាគំនិត និងយោបល់ ទៅលើប្រធានបទមួយចំនួន ដែលចាប់អារម្មណ៍ ហើយចង់ដឹងតើសម្តេចទទួលឬទេ?
ក្នុងនោះ សម្តេចធិបតី បានបញ្ជាក់ច្បាស់ទៅនឹងសំនួរខាងលើថា សម្តេចមិនដែលមិនទទួលទេ បើមានហេតុផលត្រឹមត្រូវ កុំឱ្យតែជេយកៗ នោះសម្តេចមិនស្តាប់ឡើយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ “វិភាគច្បាស់លាស់ ផ្អែកលើមូលដ្ឋាន មិនចាំបាច់ស្របទេ ហើយខ្ញុំចង់បាននូវចំណុចខ្វះខាត ដើម្បីពង្រឹង វាល្អជាងចំណុចស្រប ព្រោះចំណុចស្របខ្ញុំដឹង គោលនយោបាយខ្ញុំដាក់ ខ្ញុំដឹងទិសដៅ ហើយខ្ញុំក៏ចង់បានការវាយតម្លៃមួយ ចឹងស្វាគមន៍ទាំងអស់” ។
បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា ការអប់រំ ការបើកចិត្ត ការទទួលយក និងការគោរពគ្នាទៅវិញទៅ គឺជាកិច្ចការសំខាន់ មិនថានាយករដ្ឋមន្ត្រី ជាមួយនិងអ្នកស្រាវជ្រាវធម្មតាក៏ដោយ៕








