ក្រសួងការងារ ដោះស្រាយវិវាទនៅក្រុមហ៊ុន មីង យ៉ាង ដោយជោគជ័យ ខណៈបងប្អូនកម្មករវិលចូលធ្វើការវិញនៅថ្ងៃនេះ
ភ្នំពេញ៖ ក្រោមការសម្របសម្រួល យ៉ាងយកចិត្តទុកដាក់របស់មន្ត្រីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយមន្ទីរការងារ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធករណីវិវាទការងារនៅក្រុមហ៊ុន មីង យ៉ាង អ៊ីនដាស្ទ្រី (ខេមបូឌា) ឯ.ក (Ming Yang Industry (Cambodia) Co., Ltd.) ត្រូវបានដោះស្រាយដោយសន្តិវិធី និងទទួលបានលទ្ធផលជោគជ័យ។
ក្នុងកិច្ចប្រជុំសម្របសម្រួល ភាគីក្រុមហ៊ុន តំណាងកម្មករនិយោជិត និងសហជីព បានលើកឡើងពីកង្វល់របស់ខ្លួន និងពិភាក្សាគ្នាដោយផ្អែកលើច្បាប់ស្ដីពីការងារ គោលការណ៍សន្ទនាសង្គម និងផលប្រយោជន៍រួម ដើម្បីស្វែងរកដំណោះស្រាយដែលគ្រប់ភាគីអាចទទួលយកបាន។
ជាលទ្ធផលនៃកិច្ចប្រជុំដែលដឹកនាំដោយលោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ភាគីទាំងអស់បានឯកភាពលើចំណុចដោះស្រាយសំខាន់ៗចំនួន៤។ ភាគីក្រុមហ៊ុនបានប្ដេជ្ញាអនុវត្តតាមកិច្ចព្រមព្រៀង ពង្រឹងការគ្រប់គ្រង និងបន្តដោះស្រាយក្ដីកង្វល់របស់កម្មករនិយោជិតស្របតាមបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនេះ ភាគីកម្មករនិយោជិតបានឯកភាពបញ្ឈប់ការតវ៉ា និងវិលចូលធ្វើការជាប្រក្រតីវិញ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា៖«ក្រសួងការងារតែងតែយកចិត្តទុកដាក់ចំពោះកង្វល់របស់បងប្អូនកម្មករនិយោជិត និងខិតខំសម្របសម្រួលដោះស្រាយវិវាទដោយផ្អែកលើច្បាប់ សន្ទនាសង្គម និងការយោគយល់គ្នា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្រប់ភាគី ព្រមទាំងរក្សាស្ថិរភាពក្នុងទំនាក់ទំនងវិជ្ជាជីវៈ»។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងនេះ ដើម្បីធានាឱ្យទំនាក់ទំនងការងារនៅក្នុងក្រុមហ៊ុនប្រព្រឹត្តទៅដោយភាពសុខដុមរមនា និងចីរភាព៕







