Feature

កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម តាមរយៈវេទិកា ពាណិជ្ជកម្ម និងជំនួបផ្គូផ្គងធុរកិច្ច

ភ្នំពេញ ៖ នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកា ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ (EAM) មកកាន់កម្ពុជា ឆ្នាំ២០២៦ ដោយមានវត្តមានអញ្ជើញចូលរួម ពី លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស លោកបណ្ឌិត Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា លោក Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE)។

លោកស្រីរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូម៉ាឡេស៊ី និងថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ស្ថានទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្ម ក្រៅប្រទេសម៉ាឡេស៊ី (MATRADE) និងដៃគូទាំងអស់ ដែលបានផ្តួចផ្តើមនិងសហការ ក្នុងការរៀបចំវេទិកាពាណិជ្ជកម្ម និងជំនួបផ្គូរផ្គងធុរកិច្ចដ៏មានសារៈសំខាន់នេះឡើង នឹងបន្តចូលរួមចំណែកក្នុងការពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសន្ទុះវិជ្ជមាន នៃពាណិជ្ជកម្មទ្វេភាគី ដោយក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានប្រមាណ ១,០៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ២៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៨៦៥ លានដុល្លារអាម៉េរិក ពោលគឺ សម្រេចបាននិងកើនលើស ១ ពាន់លានដុល្លារអាម៉េរិក ដូចដែល ភាគីទាំងពីរបានប្តេជ្ញា ក្នុងពេលកន្លងមក ។ ដោយឡែក ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ប្រមាណ ៩៤៧ លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ។

លោកស្រីរដ្ឋមន្ត្រី បានបន្តថា កំណើន ពាណិជ្ជកម្មដ៏រឹងមាំនេះ បានឆ្លុះបញ្ចាំង ពីភាពបំពេញបន្ថែម ឲ្យគ្នារវាងសេដ្ឋកិច្ច នៃប្រទេសទាំងពីរ និង បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ លើសពីការបង្កើន ទំហំពាណិជ្ជកម្ម ដោយផ្តោតលើ ការវិនិយោគ ការចាប់ដៃគូអាជីវកម្ម កិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យា ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើនការចូលរួមឲ្យកាន់តែច្រើនរវាងវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម នៃប្រទេសទាំងពីរ ។ ក្នុងន័យនេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ីស្វែងរកឱកាសថ្មីៗនៅកម្ពុជា ក្នុងវិស័យដូចជា ទំនិញប្រើប្រាស់ទូទៅ កសិផលកែច្នៃ សុខាភិបាល ថាមពលបៃតង សេវាឌីជីថល ភស្តុភារកម្ម និងវិស័យហាឡាល ជាដើម ព្រមទាំងជំរុញការពង្រឹង កិច្ចសហការរវាងវិស័យឯកជន តាមរយៈការរៀបចំជាប្រចាំ នូវវេទិកាផ្គូផ្គងធុរកិច្ច ការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្តល់ព័ត៌មានទីផ្សារ និងការសម្របសម្រួលការវិនិយោគ ជាដើម។

ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការបង្កើតបរិយាកាស ធុរកិច្ចដែលមានភាពបើកចំហ អាចព្យាករណ៍បាន មានតម្លាភាព និងផ្អែកលើគោលការណ៍នីតិរដ្ឋ តាមរយៈការសម្រួល និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងការបន្តសម្របសម្រួល លើការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដោយបន្តផ្តោតសំខាន់ លើកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ដោយស្មើភាព ។ ជាពិសេស លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងពីសក្តានុពល នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យហាឡាល បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការយុទ្ធនាការទូទាំងប្រទេស កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជំរុញ និងបង្កើន ការចុះបញ្ជីផលិតផលហាឡាល ដើម្បីជំរុញការនាំចេញផលិតផល របស់កម្ពុជាបន្ថែមទៀត។

លោក YB Dato’ Seri Reezal Merican Naina Merican ប្រធាន MATRADE បានមានប្រសាសន៍ថា ប្រទេសកម្ពុជានៅតែបន្តបង្ហាញ ឱកាសកំណើនដ៏រឹងមាំសម្រាប់អ្នកនាំចេញម៉ាឡេស៊ី ដែលជំរុញដោយសេដ្ឋកិច្ច កំពុងពង្រីកខ្លួន ការអភិវឌ្ឍឧស្សាហកម្ម និង តម្រូវការអ្នកប្រើប្រាស់កើនឡើង ។ លោកបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមដូចជាបេសកកម្មបង្កើន ល្បឿន ការនាំចេញត្រូវបានរចនាឡើង ដើម្បីជួយអាជីវកម្មម៉ាឡេស៊ី កសាងភាពជាដៃគូយុទ្ធសាស្ត្រ ទទួលបានការយល់ដឹង អំពីទីផ្សារដ៏មានតម្លៃ និងពង្រីកវត្តមានរបស់ពួកគេ ក្នុងប្រទេសកម្ពុជា ។

កំណើនដ៏រឹងមាំ នៃពាណិជ្ជកម្មទ្វេភាគីឆ្លុះបញ្ចាំង ពីទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៥១,១ ភាគរយ ដល់ ៣,៣២ ពាន់លានរីងហ្គីត (០,៨៣ ពាន់លានដុល្លារអាមេរិក) ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ខណៈការនាំចេញរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសកម្ពុជាបានកើនឡើង ៤០,៩ ភាគរយ ដល់ ២,៤៥ ពាន់លានរីងហ្គីត (០,៦២ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលដូចគ្នា៕

To Top