អាជ្ញាធរខេត្តកំពង់ស្ពឺ នឹងចាត់វិធានការ ចំពោះសំណង់ណាព្យាយាមបង្កើតថ្មី និងអ្នកទន្រ្ទានឈូសឆាយដីធ្លី នៅតំបន់គិរីរម្យ
កំពង់ស្ពឺ ៖ លោក ជាម ច័ន្ទសោភ័ណ បានដាក់វិធានការយ៉ាងតឹងរឹង ទៅដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យពិនិត្យនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះសំណង់ទាំងឡាយណាព្យាយាមបង្កើតថ្មី និងអ្នកទន្រ្ទានឈូសឆាយដីធ្លីអនាធិបតេយ្យ ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ)។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត និងមន្ទីរជំនាញចុះពិនិត្យសំណង់ ផ្ទះលំហែ បាននិងកំពុងសង់ដោយខុសច្បាប់ ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

លោក អភិបាលខេត្ត បានលើកឡើងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីបរិស្ថានបានពិនិត្យឃើញសំណង់ និងផ្ទះលំហែជាច្រើន គឺបាននិងកំពុងសង់ដោយខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់យ៉ាងធ្ងន់ធ្ងរសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងបរិស្ថាននៅក្នុងតំបន់ឧទ្យានជាតិ ពិសេសទេសចរណ៍ដែលមកលេងកម្សាន្ត នៅក្នុងតំបន់នេះ។ មួយវិញទៀត សំណង់មិនរៀបរយទាំងនោះ ក៏បាននិងកំពុងសង់រំលោភចូល ទៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យផងដែរ តម្រូវឱ្យមានការរុះរើចេញជាបន្ទាន់។

លោក អភិបាលខេត្ត បន្ថែមថា ជុំវិញការរុះរើសំណង់អនាធិបតេយ្យ នៅក្នុងតំបន់ឧទ្យានជាតិសុរាម្រិតកុសមៈ(គីរីរម្យ) ក៏មានការភ្ញាក់ផ្អើលថា «មានការរុះរើសាលាដូង ដោយសារតែបានសង់ចូល ទៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ» ប៉ុន្តែក្រោយការពិនិត្យ របស់មន្ត្រីជំនាញបរិស្ថាន បានបញ្ជាក់ថា «សាលាដូង មិនមានការជាប់ពាក់ព័ន្ធ និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ ដែលតម្រូវឱ្យមានការរុះរើទេ»។ ប៉ុន្តែមានចំនុចមួយចំនួន តម្រូវឱ្យសាលាដូងត្រូវកែសម្រួលឡើងវិញ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់បរិស្ថាន ដូចជា រុះរើបណ្តាញខ្សែភ្លើង ហើយជំនួសមកវិញ នូវសោឡាដែលអាចប្រើប្រាស់បានទូទៅ ក្រោមការឧបត្ថម្ភពីឯកឧត្តមរដ្ឋមន្ត្រីបរិស្ថានផ្ទាល់។

សូមរំលឹកថា ក្រោយពីបានស្តាប់នូវប្រវត្តិនៃការរៀបចំសាលាដូង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើកោតសរសើរទៅដល់ទឹកចិត្ត ឆន្ទៈមោះមុត និង សកម្មភាពជាក់ស្ដែងរបស់លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ក្នុងការបង្កើតសមិទ្ធផលដ៏ មានប្រយោជន៍មួយនេះ ទោះជាមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ ៕
