ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស ពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវ១ខ្សែ នៅខេត្តកំពង់ធំ និងផ្លូវរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិចំនួន២ទីតាំង នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ 

កំពង់ធំ-កំពង់ចាម-ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ ស្ថិតនៅក្នុងខេត្ដកំពង់ធំ។

ផ្លូវនេះមានឈ្មោះ រលួស-អូរកន្ធរ ជាផ្លូវល្បាយក្រួស មានប្រវែង ១០គ.ម. ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិអូរកន្ធរ សង្កាត់កន្ធរ ទៅកាន់ភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយឆ្លងកាត់ភូមិចំនួន ៤ភូមិ និងមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៤៧២គ្រួសារ ស្មើនឹង ២ ៣៤៥នាក់។  

ក្នុងឱកាសពិនិត្យខ្សែផ្លូវខាងលើនេះ លោករដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ឱ្យដាក់បញ្ចូលខ្សែផ្លូវនេះ ទៅក្នុងផែនការស្ថាបនាឆ្នាំបន្ទាប់ ដើម្បីធ្វើការលើកកម្រិតគុណភាពផ្លូវជា ទៅផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅទទួលសេវាសាធារណៈនានា ជាពិសេសដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
 
បន្ទាប់ពីពិនិត្យស្ថានភាពផ្លូវ នៅក្នុងខេត្តកំពង់ធំរួចមក លោករដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញចុះពិនិត្យខ្សែផ្លូវដែលទទួលរងប៉ះពាល់ដោយសារគ្រោះមហន្ដរាយធម្មជាតិចំនួន ២ទីតាំងក្នុងខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ រួមមាន៖

ទីតាំងទី១៖ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៨+៩៥០ ត្រង់ទំនប់កែប្រែ ស្ថិតលើខ្សែផ្លូវ ល្ពាក-ស្រក ក្នុងភូមិសាស្ដ្រស្រុកកំពង់សៀម ខេត្តកំពង់ចាម។​ ទីតាំងនេះ មានការបាក់ស្រុតសំណង់ស្ទាក់ទឹក ដោយសារទឹកភ្លៀងធ្លាក់យ៉ាងគំហុកកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ ដែលបណ្ដាលទឹកហូរច្រោះជើងទេរផ្លូវ ប្រវែង ១៥ម៉ែត្រ និងទ្វារទឹកច្រោះបាក់ដៃលូ ១ជំហៀង ជម្រៅប្រហែល ៨ម៉ែត្រ។ តាមរយៈការពិនិត្យជាក់ស្ដែង លោករដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ធ្វើការសិក្សាបច្ចេកទេស ដើម្បីជួសជុលទីតាំងដែលទទួលរងការខូចខាតខាងលើ ដើម្បីឱ្យការធ្វើចរាចរណ៍បានធម្មតាឡើងវិញប្រកបដោយសុវត្ថិភាព។

ទីតាំងទី២៖ ផ្លូវទួលគរ-ទួលឃ្លាំង ជាផ្លូវបេតុងអាមេប្រវែង ១៤,២០គ.ម. តភ្ជាប់ពីភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅកាន់ភូមិទួលឃ្លាំង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នៅលើខ្សែផ្លូវនេះ ត្រូវបានជំនន់ទន្លេមេគង្គ ជន់លិចកំណាត់ផ្លូវប្រវែង ៨៥០ម៉ែត្រ បណ្ដាលមានការផ្អាកធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។

នាឱកាសចុះពិនិត្យនេះ លោករដ្ឋមន្ត្រីបានណែនាំ ដល់មន្ទីខេត្តត្រូវយកចិត្តទុកដាក់ ក្នុងការជួសជុលកន្លែងដែលរងផលប៉ះពាល់ ដោយការជន់លិច​ ដើម្បីសម្រួលដល់ការធ្វើដំណើរ​ ប្រកបអាជីវកម្មផ្សេងៗ​ របស់ប្រជាពលរដ្ឋរស់នៅតំបន់នោះ៕

To Top