Feature

រាជរដ្ឋាភិបាល តាំងចិត្តខ្ពស់ បោសសម្អាតឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការបោសសម្អាត ឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ។

 
ក្នុងឱកាសអនុញ្ញាតឱ្យលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចែករំលែក ទៅឯកអគ្គរដ្ឋទូតអំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តផ្នែកនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ក៏ដូចជា ការរៀបចំក្របខ័ណ្ឌច្បាប់ និងយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាថាឧក្រិដ្ឋកម្មឆ្លងដែននេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការបង្ក្រាបរួច។

 
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាក៏បានបង្កើត «ច្បាប់ស្តីពីការប្រឆាំងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលត្រូវបានរៀបចំតាក់តែងដោយក្រសួងយុត្តិធម៌ និងបានឆ្លងកាត់ការអនុម័តជាផ្លូវការ ពីរដ្ឋសភានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ព្រមទាំងពិនិត្យចប់សព្វគ្រប់​ ដោយព្រឹទ្ធសភានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ ច្បាប់នេះត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ និងចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។ ច្បាប់នេះបង្កើតឡើងក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ព្រមទាំងការលាងលុយកខ្វក់ និងការបង្ខាំងមនុស្សខុសច្បាប់ដែលទាក់ទងនឹងការឆបោកអនឡាញ៕

To Top