Feature

ប្រេសិតពិសេស របស់សម្តេចធិបតី និងទូត EU ផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ថ្មីៗទាក់ទងនឹង ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) លោក Igor Driesmans បានជួបពិភាក្សាការងារជាមួយ កញ្ញា កឹម មនោវិទ្យា ប្រេសិតពិសេស របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ខណៈភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ថ្មីៗ ទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សហភាពអឺរ៉ុប នៅថ្ងៃទី២០ សីហា ថា នាឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ថ្មីៗ ទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងកិច្ចការវិនិយោគផងដែរ។

សូមរំលឹកថា កញ្ញា កឹម មនោវិទ្យា ជាកូនស្រីរបស់លោក កឹម សុខា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានឋានៈស្មើរដ្ឋមន្រ្តី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១ កាលពីម្សិលមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការតែងតាំង កញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេស គឺដើម្បីជួយរាជរដ្ឋាភិបាល លើបញ្ហាព្រំដែន និងការវិនិយោគ៕

To Top