សម្តេចតេជោ បន្តរំលឹកពីមិត្តដែកថែបចិន គាំទ្រការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍រំលឹកឡើងវិញ អំពីគោលជំហររបស់មហាមិត្តចិន ដែលបានចូលរួមគាំទ្រ នូវយន្តការដោះស្រាយជម្លោះព្រំដែន រវាងកម្ពុជា-ថៃ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍រំលឹកឡើងវិញនេះ នៅចំពោះមុខលោកសាស្ត្រាចារ្យ កាវ ហ្វៃ នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ក្នុងឱកាសសម្តេចអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា លោកសាស្ត្រាចារ្យ កាវ ហ្វៃ កោតសរសើរពីភាពរីកចម្រើន របស់កម្ពុជាដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ លោកថា ការរីកចម្រើនរបស់កម្ពុជានៅពេលនេះ គឺស្ថិតក្រោមការគ្រប់គ្រងដឹកនាំដោយសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេននាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ លោកក៏បានកោតសរសើរមិនដាច់ពីមាត់អំពីស្ថានភាពនៃសន្តិភាព ស្ថេរភាព ដែលជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ លោកក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការប្រទេសចិននៅពេលនេះ គឺក្នុងគោលដៅដើម្បីរៀបចំនូវកិច្ចសន្ទនាការទូតក្រោយ (Track II Diplomacy) ដែលជាកិច្ចសន្ទនាមួយចូលរួមចំណែកដ៏សំខាន់នៅក្នុងការផ្លាស់ប្ដូរយោបល់គ្នា ជាពិសេសគឺការគាំទ្រដល់ការដោះស្រាយបញ្ហាវិបត្តិព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី។

ជាកិច្ចឆ្លើយតប សម្ដេចតេជោស្វាគមន៍ចំពោះការលើកឡើងរបស់លោកសាស្ត្រាចារ្យសាកលវិទ្យាល័យកិច្ចការបរទេសជាពិសេសគឺពេញចិត្តចំពោះការលើកឡើងពីការមើលឃើញដោយផ្ទាល់របស់លោកអំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា។ សម្ដេចតេជោក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលបច្ចុប្បន្ននេះ ដែលជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយជាសហគមន៍ជោគវាសនារួម គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
លោក ជា ធីរិទ្ធបញ្ជាក់ថា “សម្ដេចតេជោ ក៏បានអរគុណដែរចំពោះតួនាទី របស់សាកលវិទ្យាល័យកិច្ចការបរទេសចិន ដែលបានរៀបចំនូវកិច្ចសន្ទនាការទូតក្រោយ ប៉ុន្តែនិយាយជារួមគឺ ការចូលរួមរបស់ចិននៅក្នុងការគាំទ្រដោយការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើសន្តិវិធី” ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសថៃបានធ្វើសង្គ្រាមឈ្លានពានកម្ពុជាកាលពីឆ្នាំ២០២៥ ប្រទេសចិនបានដើរតួនាទីយ៉ាងសកម្មជាអ្នកសម្របសម្រួលសន្តិភាព ដើម្បីជួយដោះស្រាយវិបត្តិជម្លោះព្រំដែនរវាងប្រទេសទាំងពីរ តាមរយៈការជំរុញឱ្យមានកិច្ចសន្ទនា និងការរក្សាបទឈប់បាញ់ប្រកបដោយតម្លាភាព និងយុត្តិធម៌៕



