Feature

សមត្ថកិច្ច ឃាត់ខ្លួនអ្នកក្លាហាន ចុះទៅវាយគេទាំងកម្រោល ដោយមិនដឹងមូលហេតុច្បាស់

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានលើកឡើងថា បុរសជាអ្នកក្លាហានម្នាក់ ចុះទៅវាយគេទាំងកម្រោល ដោយមិនទាន់បានដឹងមូលហេតុច្បាស់លាស់ថា បុកមិត្តខ្លួនស្លាប់នោះ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបានហើយ ។

កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅត្រង់បណ្តោយផ្លូវព្រះនរោត្តមកែងពី២១៤ ស្តុបសាលាចតុមុខ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូត ប៉ុន្តែស្របពេលជាមួយគ្នានោះ ក៏មានរថយន្តមួយគ្រឿង បើកមកដល់ល្មម ហើយបុរស ដែលជាអ្នកក្លាហានត្រូវជាមិត្តភិក្ត របស់ជនរងគ្រោះម្នាក់ ក្នុងចំណោមអ្នកជិះម៉ូតូ២គ្រឿង បានជិះម៉ូតូដេញតាមរថយន្ត ហើយក៏បានចុះទៅវាយម្ចាស់ រថយន្តយ៉ាងដំណំទាំងមិនសួរនាំឱ្យដឹងរឿងមុន ។

ក្រោយហេតុការណ៍នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចាត់តាំងមន្រ្តីក្រោមឱវាទចុះស្រាវជ្រាវរហូតដល់ឈានឃាត់ខ្លួនជនដៃដល់។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទបន្តថា ករណីនេះជាបទល្មើសព្រហ្មទណ្ឌ ។ ដូច្នេះលោកឧត្តមសេនីយ៍ឯកបានណែនាំជនរងគ្រោះម្ចាស់រថយន្ត មកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានី ។ ដោយអ្នកក្លាហាននោះ សមត្ថកិច្ចជំនាញចរាចរណ៍ឃាត់បានហើយ នឹងប្រគល់ទៅផែនព្រហ្មទណ្ឌបន្តនីតិវិធី ៕

To Top