អភិបាលខេត្តតាកែវ ៖ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើស ទំនិញគេចពន្ធឆ្លងដែន ឱ្យបានម៉ឺងម៉ាត់

តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំប្រធានស្នាក់ការ ច្រកទ្វារអន្តរជាតិភ្នំដិនថ្មី ត្រូវតែសហការគ្នាជាមួយ កងកម្លាំងដែរឈរជើងតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសទំនិញគេចពន្ធឆ្លងដែន ពិសេសបទល្មើសជួញដូរមនុស្ស ជួញដូរអាវុធខុសច្បាប់គ្រប់ប្រភេទ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីប្រកាសតែងតាំង លោក ព្រំ ប៊ុនថន ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ នាថ្ងៃព្រហស្បតិ៍ ៧កើត ទី២០ ខែសីហា ឆ្នាំ២០២៦ ។

លោក អភិបាលខេត្ត បន្តថា មន្ត្រីប្រចាំការទាំងអស់ ត្រូវរួមសហការគ្នាយ៉ាងម៉ឺងម៉ាត់ ជាមួយកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ ជាពិសេសគឺការទប់ស្កាត់ឱ្យបាននូវរាល់សកម្មភាពនាំចូលទំនិញគេចពន្ធ ដែលនាំឱ្យបាត់បង់ចំណូលថវិកាជាតិ។

លោក អភិបាលខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារកន្លងមកដែលប្រធានទីស្នាក់ការចាស់ លោក នួន សារ៉ែន បានអនុវត្តការងារបានយ៉ាងល្អប្រសើរ និង បានណែនាំដល់លោកប្រធានទីស្នាក់ការថ្មី ដែលទើបទទួលការតែងតាំងនៅថ្ងៃនេះ ត្រូវបន្កការងារដឹកនាំច្រកទ្វាអន្តរជាតិនេះឲ្យបានល្អប្រសើរ ដោយត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងចេះសម្របសម្រួល បែងចែកភារកិច្ចតួនាទី ទទួលខុសត្រូវឲ្យបានល្អនិងបន្តសហការជាមួយភាគីប្រទេសវៀតណាម ដើម្បីធ្វើយ៉ាងណាឲ្យការឆ្លង កាត់របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាពិសេសការដឹកទំនិញចេញចូល តាមច្រកទ្វាបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ៕










