Feature

ស្អែកនេះ ក្រសួងការងារ នាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ជូនបងប្អូនអតីតពលករ យុវជន និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ

ព្រះវិហារ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ទៅជូនអតីតពលករ យុវជន និងពលរដ្ឋមូលដ្ឋាន នៅខេត្តព្រះវិហារ រួមទាំងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស.) និង វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ នាថ្ងៃទី ២១-២២ ខែសីហានេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ នឹងរៀបចំនៅថ្ងៃសុក្រ ទី២១ ខែសីហា នៅក្នុងបរិវេណសាលាស្រុកជ័យសែន និងនៅថ្ងៃសៅរ៍ ទី២២ ខែសីហា នៅក្នុងបរិវេណសាលាស្រុករវៀង ខេត្តព្រះវិហារ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល។

លោកបញ្ជាក់ថា អ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែបសរុប ៩១,២៩៣កន្លែងនៅទូទាំងប្រទេស វគ្គបណ្តុះបណ្តាលបច្ចេកទេសដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ព្រមទាំងទទួលបាននូវអាហារ ភេសជ្ជៈ និងការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃ។

ជាមួយគ្នានេះ លោក ស៊ុន មេសា បានអំពាវនាវសាជាថ្មីម្តងទៀត ទៅដល់អតីតពលករមកពីប្រទេសថៃ និង ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍នៃរបបសង្គមច្រើនជាង សុវត្ថិភាពជាង ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕

To Top