ខែកក្កដា ក្រសួងបរិស្ថាន ពង្រឹងការត្រួតពិនិត្យគុណភាពទឹកចំនួន ៧៧ទីតាំង ដើម្បីភាពស្អាតនៅកម្ពុជា
ភ្នំពេញ ៖ ក្រុមការងារជំនាញក្រសួងបរិស្ថាន ក្នុងខែកក្កដា ឆ្នាំ២០២៦ បានពិនិត្យតាមដានគុណភាពទឹកសាធារណៈ និងទឹកកខ្វក់សម្អាតរួច ពីទីតាំងស្ថានីយប្រព្រឹត្តកម្ម រួមលើទីតាំងអាទិភាពសរុប ៧៧ទីតាំង (ទឹកទន្លេ បឹងទន្លេសាប ស្ទឹង អាងស្តុកទឹក បឹង ជ្រោះមាន ៥២ទីតាំង ទឹកសមុទ្រមាន១២ទីតាំង និងទឹកកខ្វក់សម្អាតរួចមាន ១៣ទីតាំង) ព្រមទាំងបានយកសំណាកទឹកចំនួន ៧៧សំណាក។

ស្ថានភាពគុណភាពទឹក សាធារណៈជារួម ទឹកមានសភាពល្អក់ដោយសារមានភ្លៀងធ្លាក់ និងយោងតាមលទ្ធផល វិភាគពីមន្ទីរពិសោធន៍ បង្ហាញថា គុណភាពទឹកសាធារណៈ បានអនុលោមតាមស្តង់ដាពុំមាន អ្វីប្រែប្រួល ឬ បង្កឱ្យមានការបំពុលគួរឱ្យកត់សម្គាល់នោះទេ។ ដោយទ្បែក ទឹកកខ្វក់សម្អាតរួច ចេញពីទីតាំងអាងប្រព្រឹត្តកម្មរួមទាំង១៣ ទីតាំង អនុលោមតាមស្តង់ដាអនុញ្ញាតបញ្ចេញ។
ក្នុងពេលជាមួយគ្នានេះដែរ ក្រុមការងារក្រសួងបរិស្ថានបានចុះត្រួតពិនិត្យតាមដានតំបន់ងាយរងការបំពុលទឹក បានចំនួន ១២ទីតាំង នៅខេត្តព្រះសីហនុ (ក្បែរតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ១ទីតាំង ស្ពានព្រែកទឹកសាប ១ ទីតាំង ព្រែកទឹកសាប ផ្នែកខាងក្រោមតំបន់សេដ្ឋកិច្ចពិសេស ១ទីតាំង និងអាងស្តុកទឹកក្បាយឆាយ ១ទីតាំង) ខេត្តកំពង់ធំ (ស្ទឹងជីនិត ៤ទីតាំង ស្ពានក្រាំង ស្ពានបាក់ស្នា តំបន់ ១មករា និងស្ពានកំពង់ថ្មថ្មី) នៅខេត្តកំពង់ស្ពឺ (ស្ទឹងព្រែកត្នោត ៤ទីតាំង ស្ពានគុណគ្រូ ស្ពានសាមគ្គីទ្វារ ទឹករលាំងជ្រៃ និងស្ពានថ្មីក្រុងច្បារមន) និងបានយកសំណាកទឹកមកវិភាគចំនួន ១២សំណាក។

យោងតាម លទ្ធផលពីមន្ទីរពិសោធន៍បង្ហាញថា គុណភាពទឹកនៅគ្រប់ទីតាំងទាំងអស់ គឺបានអនុលោមស្តង់ដារ ពុំមានអ្វីប្រែប្រួល ឬ បង្កឱ្យមានការបំពុល គួរឱ្យកត់សម្គាល់នោះទេ។
សូមបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសស្រាក់សស្រាំ ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍ជាតិ កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងការពង្រឹងការត្រួតពិនិត្យគុណភាពទឹកដើម្បីភាពស្អាត នៅកម្ពុជា៕
