Feature

រដ្ឋមន្ត្រី ហួត ហាក់ ៖ កម្ពុជា មិនអាចបន្តផ្សព្វផ្សាយ​ គោលដៅទេសចរណ៍ ដោយពឹងផ្អែកលើផលិតផល តែមួយទៀតឡើយ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្នុងបរិបទដែលទីផ្សារទេសចរណ៍សកល កំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង កម្ពុជា មិនអាចបន្តផ្សព្វផ្សាយ គោលដៅទេសចរណ៍ ដោយពឹងផ្អែកលើផលិតផល តែមួយ ឬត្រឹមតែធនធានវប្បធម៌ និងប្រវត្តិសាស្ត្រ តាមបែបប្រពៃណីតែមួយ មុខនោះទៀតឡើយ ។

ការថ្លែងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី នៅកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ។

សិក្ខាសាលាថ្នាក់ជាតិខាងលើនេះ គឺ​ជាវេទិកាដ៏មានសារៈសំខាន់​ សម្រាប់ធ្វើជាស្ពានតភ្ជាប់ និងបង្កើតកិច្ចសន្ទនារវាងស្ថាប័នរដ្ឋ ប្រតិបត្តិករក្នុងឧស្សាហកម្មភាពយន្ត និងឧស្សាហកម្មទេសចរណ៍ ដើម្បីរួមគ្នាស្វែងរកកាលានុវត្តភាព ដោះស្រាយបញ្ហាប្រឈម និងកំណត់វិធានការគន្លឹះ សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ភាពយន្តនៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង។

ថ្លែងក្នុងឱកាស លោករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា​ មិនមែនមានតែប្រាសាទអង្គរវត្តនោះទេ។ យើងនៅមាន “ស្ទូឌីយូធម្មជាតិ” ដ៏សម្បូរបែប និងស្រស់ស្អាតជាច្រើន ដូចជា តំបន់ឆ្នេរសមុទ្រ ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន ប្រាសាទកោះកេរ តំបន់ប្រាសាទសំបូរព្រៃគុក ព្រមទាំងស្ថាបត្យកម្ម និងទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀត ដែលកំពុងរង់ចាំផលិតករជាតិ និងអន្តរជាតិ មកផ្តិតយករូបភាព និងនាំយកសម្រស់កម្ពុជា ទៅបង្ហាញជូនពិភពលោក។

លោក ហួត ហាក់ បានគូសបញ្ជាក់ថា កម្ពុជា​ មានសក្តានុពលខ្ពស់ ក្នុងការប្រែក្លាយខ្លួន ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ទាំងកម្រិតជាតិ និងអន្តរជាតិ។

លោករដ្ឋមន្ត្រី បានគូសរំលេចថា ក្នុងបរិបទដែលទីផ្សារទេសចរណ៍សកល កំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង កម្ពុជា មិនអាចបន្តផ្សព្វផ្សាយគោលដៅទេសចរណ៍ ដោយពឹងផ្អែកលើផលិតផលតែមួយ ឬត្រឹមតែធនធានវប្បធម៌ និងប្រវត្តិសាស្ត្រ តាមបែបប្រពៃណីតែមួយមុខនោះទៀតឡើយ។ ផ្ទុយទៅវិញ យើងត្រូវបម្លែងពីការលក់ «ទីកន្លែង» ទៅជាការលក់ «បទពិសោធន៍» និងពីការបង្ហាញ «ទេសភាព» ទៅជាការបង្កើត «និទានកថា» ដែលមានអត្តសញ្ញាណ មានអត្ថន័យជ្រាលជ្រៅ និងអាចចាក់ដល់បេះដូង របស់ភ្ញៀវទេសចរ។

ទទ្ទឹម​នឹង​នេះ​ដែរ លោករដ្ឋមន្ត្រី ក៏បានលើក​ឡើង​ថា ទេសចរជំនាន់ថ្មី មិនត្រឹមតែចង់មកទស្សនា ឬថតរូបនៅគោលដៅណាមួយប៉ុណ្ណោះទេ ប៉ុន្តែពួកគេចង់រស់នៅ ក្នុងបទពិសោធន៍មួយ ចង់ស្វែងយល់ពីរឿងរ៉ាវ នៅពីក្រោយទីកន្លែង និងចង់បង្កើតការចងចាំ ដែលអាចផ្សារភ្ជាប់ពួកគេយ៉ាងជ្រាលជ្រៅ​ ជាមួយគោលដៅទេសចរណ៍នោះ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ភាពយន្ត ទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងការតម្រង់ទិសដ៏ខ្ពង់ខ្ពស់ ដោយផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាគោលដៅផលិតភាពយន្ត និងគោលដៅទេសចរណ៍ភាពយន្តអន្តរជាតិ ដ៏មានសក្តានុពល និងភាពប្រកួតប្រជែងនៅក្នុងតំបន់។

គួរគូសបញ្ជាក់ថា កម្ពុជាធ្លាប់មានបទពិសោធន៍ប្រវត្តិសាស្ត្រដ៏ជោគជ័យ ក្នុងការប្រើប្រាស់ឥទ្ធិពលនៃភាពយន្ត ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍។ ជាក់ស្តែង កម្ពុជា ធ្លាប់ជាទីតាំងថតខ្សែភាពយន្តអន្តរជាតិធំៗជាច្រើន ដូចជា Lord Jim, Two Brothers និងជាពិសេសខ្សែភាពយន្តហូលីវូដខ្នាតធំ Tomb Raider នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ភាពយន្ត Tomb Raider បានរួមចំណែកធ្វើឱ្យប្រាសាទតាព្រហ្ម ដែលមានអត្តសញ្ញាណ ពិសេសដោយសំណង់បុរាណលាយឡំ ជាមួយព្រៃព្រឹក្សា ក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ លើពិភពលោក។ រហូតមកដល់សព្វថ្ងៃ ភ្ញៀវទេសចរអន្តរជាតិមួយចំនួន នៅតែហៅប្រាសាទតាព្រហ្ម ក្រៅផ្លូវការថា «ប្រាសាទ Angelina Jolie»។ ភាពយន្ត First They Killed My Father ក៏បានបង្ហាញឱ្យឃើញពីសមត្ថភាព និងសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើជាទីតាំងថតភាពយន្ត ខ្នាតអន្តរជាតិ ព្រមទាំងបង្កើតផលប្រយោជន៍សេដ្ឋកិច្ច តាមរយៈការចំណាយ និងការវិនិយោគដោយផ្ទាល់ ទៅក្នុងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងអំឡុងពេលនៃការផលិតភាពយន្ត៕

To Top