រដ្ឋមន្ត្រី ហួត ហាក់ ៖ ការយកប្រាសាទតាព្រហ្ម ជាទីតាំងថតកម្មវិធី “Race Across the World” ជាឱកាសបង្ហាញមន្តស្នេហ៍ នៃតំបន់អង្គរទៅកាន់ពិភពលោក
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការជ្រើសរើសប្រាសាទតាព្រហ្ម ជាទីតាំងថតកម្មវិធី “Race Across the World” នាពេលនេះ ក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញ ទៅកាន់ពិភពលោក នូវមន្តស្នេហ៍នៃតំបន់អង្គរ ដែលមានការរួមបញ្ចូលគ្នា យ៉ាងអស្ចារ្យរវាងស្ថាបត្យកម្មបុរាណ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ស្រស់ត្រកាល ។

ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្ត ដល់ក្រុមការងារផលិតកម្ម និងក្រុមអ្នកចូលរួមក្នុងកម្មវិធី «Race Across the World» មានសមាជិកចំនួន ៤២រូប ដឹកនាំដោយ លោក JAVIER LLANOS SANCHEZ ប្រធានក្រុមកម្មវិធី «Race Across the World» ក្នុងឱកាសរៀបចំការថតកម្មវិធី នៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

ការចុះសំណេះសំណាលនេះ មានគោលបំណង ស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមការងារ ផលិតកម្មអន្តរជាតិ ដែលបានជ្រើសរើសកម្ពុជាជាទីតាំងថតកម្មវិធី ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រ របស់ក្រសួងទេសចរណ៍ ចំពោះការផលិតកម្មវិធី និងភាពយន្តអន្តរជាតិនៅកម្ពុជា។ ជាមួយគ្នានេះ ក៏មានគោលបំណង ជំរុញការប្រើប្រាស់វិស័យភាពយន្ត និងកម្មវិធីកម្សាន្តអន្តរជាតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធនធានធម្មជាតិ និងភាពសម្បូរបែប នៃគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ។

កម្មវិធី “Race Across the World” បានជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅនៃការប្រកួត គឺជាឱកាសដ៏មានតម្លៃ ក្នុងការនាំយកសម្រស់ បេតិកភណ្ឌ វប្បធម៌ និងភាពកក់ក្តៅ របស់ប្រជាជនកម្ពុជា ទៅបង្ហាញដល់ទស្សនិកជន ជុំវិញពិភពលោក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការជ្រើសរើសប្រាសាទតាព្រហ្ម ជាទីតាំងថតកម្មវិធីនាពេលនេះ ក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញ ទៅកាន់ពិភពលោកនូវមន្តស្នេហ៍នៃតំបន់អង្គរ ដែលមានការរួមបញ្ចូលគ្នា យ៉ាងអស្ចារ្យរវាងស្ថាបត្យកម្មបុរាណ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ស្រស់ត្រកាល ព្រមទាំងរួមចំណែកលើកកម្ពស់ កិត្យានុភាពកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងភាពកក់ក្តៅ សម្រាប់ភ្ញៀវទេសចរ និងផលិតកម្មអន្តរជាតិ។

គួរឱ្យដឹងថា កម្មវិធី «Race Across the World» គឺជាកម្មវិធីប្រកួតប្រជែងបែបផ្សងព្រេង ឆ្លងកាត់ប្រទេសនានា ដោយអ្នកចូលរួមត្រូវធ្វើដំណើរក្រោមថវិកាកំណត់ និងប្រើប្រាស់មធ្យោបាយធ្វើដំណើរក្នុងស្រុក ដែលផ្តល់ឱកាសឱ្យពួកគេស្វែងយល់ និងទទួលបទពិសោធន៍ដោយផ្ទាល់ ពីជីវភាពរស់នៅរបស់ប្រជាជន វប្បធម៌ ប្រពៃណី និងគោលដៅទេសចរណ៍នានាតាមដងផ្លូវ។ ក្នុងដំណើរប្រកួតនេះ កម្មវិធីបានឆ្លងកាត់ប្រទេសមួយចំនួន រួមមាន ចិន វៀតណាម កម្ពុជា ឡាវ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ កម្មវិធីនេះគ្រោងនឹងចាក់ផ្សាយ នៅប្រទេសអេស្ប៉ាញ នាពេលខាងមុខ តាមរយៈស្ថាប័នដែលទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការផលិត និងចាក់ផ្សាយកម្មវិធី «Race Across the World» ដ៏វិសេសវិសាលមួយនេះ៕





