ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្រ្តីសាធារណៈការ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយស្តីពី “បទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន”

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយស្តីពី “បទដ្ឋានបច្ចេកទេស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ។

ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញ ធ្វើរបាយការណ៍សង្ខេបអំពីដំណើរការ នៃការរៀបចំឯកសារបទដ្ឋានបច្ចេកទេសទាំងអស់ តាំងពីដំណាក់កាលចាប់ផ្ដើម រហូតសម្រេចបានជាស្ថាពរ និងការធ្វើបទបង្ហាញដោយសង្ខេបអំពីសៀវភៅបទដ្ឋាន និងគោលការណ៍ណែនាំបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកំពុងផ្សព្វផ្សាយនាឱកាសនេះរួមមាន បទដ្ឋានបច្ចេកទេសថ្មីចំនួន ៩ផ្នែក ដែលមានសៀវភៅសរុបចំនួន ៤២ឯកសារ។

ថ្លែងក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដែល បានរៀបចំពិធីផ្សព្វផ្សាយបទដ្ឋានបច្ចេកទេស ដ៏មានសារៈសំខាន់ឡើង ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ប្រើប្រាស់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណភាព។

នាឱកាសនោះផងដែរ លោក ឆាយ ឫទ្ធិសែន ក៏បានជម្រាបជូនអំពី គោលនយោបាយយុទ្ធសាស្ដ្រជាតិស្តីពីការអភិវឌ្ឍន៍ជនបទ និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍជនបទ ជាពិសេសការយកចិត្តទុកដាក់របស់ក្រសួងលើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ជនបទ ប្រកបដោយគុណភាពនិងភាពធន់ តាមរយៈការធ្វើកំណែទម្រង់ដោយផ្អែកលើគោលការណ៍សំខាន់ចំនួន ៤ គឺ៖ គុណប្រយោជន៍, គុណភាព, សុវត្ថិភាព និងភាពសន្សំសំចៃ។

លោករដ្ឋមន្ដ្រី បានបង្ហាញនូវទស្សនសុទិដ្ឋិនិយមថា បទដ្ឋានបច្ចេកទេសនេះ នឹងជួយគាំទ្រនិងបំពេញបន្ថែម នូវតម្រូវការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ព្រមទាំងសំណង់សិល្បការ្យ ដើម្បីជំរុញការអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

ជាចុងក្រោយ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណ ចំពោះក្រសួងសាធារណការ និងដឹក ដែលតែងផ្តល់កិច្ចសហការ និងផ្តល់ការគាំទ្រយ៉ាងល្អ នាពេលកន្លងមកជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ ជាពិសេសផ្លូវជនបទ។

បន្ទាប់មក លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ នូវបទដ្ឋានបច្ចេក ដែលជាឯកសារគតិយុត្ត សម្រាប់ការប្រើប្រាស់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍។

លោក ប៉េង ពោធិ៍នា បានក៏បានអំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការល្អ ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មានបច្ចេកទេស និងបទពិសោធន៍រវាងមន្ត្រីជំនាញគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាវិស័យឯកជន ជាពិសេសត្រូវប្រកាន់ខ្ជាប់ នូវស្មារតីទទួលខុសត្រូវ លើការអនុវត្តបទដ្ឋានបច្ចេកទេស ដែលបានផ្សព្វផ្សាយ នាឱកាសនេះឱ្យបានត្រឹមត្រូវ៕

To Top