កម្ពុជា តវ៉ាចំពោះការរំលោភបំពាន ជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការ ចំពោះការបន្តរំលោភបំពាន ដោយប្រទេសថៃមកលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃ បានបន្តធ្វើការ ឈូសឆាយព្រៃជាបន្តបន្ទាប់ ដើម្បីសាងសង់ផ្លូវថ្មីមួយខ្សែ ដែលតភ្ជាប់ ពីភាគខាងជើង នៃបង្គោលព្រំដែនលេខ១៤ ទៅកាន់តំបន់ភ្នំតាថុង (ភ្នំ២៧៨)។ បន្ទាប់មក នៅថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានបន្តសកម្មភាព សាងសង់ផ្លូវនៅក្នុងតំបន់ខាងលើ ព្រមទាំង បានសាងសង់លេណដ្ឋាន យោធាថ្មីផងដែរ។
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់លេណដ្ឋានយោធាថ្មីមួយចំនួន នៅភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈ។
សកម្មភាពខាងលើនេះ គឺជាការរំលោភបំពានយ៉ាងជាក់ច្បាស់ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ កម្ពុជា អនុស្សរណៈ នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC)កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែន ឱ្យបានឆាប់បំផុត ស្របតាម កិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕








