ក្រសួងការងារ គ្រោង ដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខក្រុមគ្រួសារ យុទ្ធជនពលី នៅខេត្តព្រះវិហារ

ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅជូនក្រុមគ្រួសារយុទ្ធជនពលី នៅឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដើម្បីសម្ដែងការគោរពដឹងគុណ និងចូលរួមរំលែកទុក្ខចំពោះការលះបង់ដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុការពារ បូរណភាពទឹកដី និងអធិបតេយ្យជាតិ។

យោងតាមលិខិតជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ដំណើរចុះជួបសំណេះសំណាលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដែលគណៈប្រតិភូដឹកនាំដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា តាមគម្រោង គណៈប្រតិភូនឹងចាប់ផ្តើមចុះសួរសុខទុក្ខនៅវេលាម៉ោង ៨:០០នាទីព្រឹក ដោយនាំយកការសាកសួរសុខទុក្ខ និងអំណោយដែលបានពីការចូលរួមរបស់សប្បុរសជនតាមរយៈក្រសួងការងារ ទៅប្រគល់ជូនក្រុមគ្រួសារយុទ្ធជនពលី ដែលបានបាត់បង់សមាជិកគ្រួសារក្នុងការបំពេញបេសកកម្មការពារជាតិ។

លោកបន្តថា សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះគ្រួសារយុទ្ធជនពលី ដែលបានលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ ព្រមទាំងជាការលើកទឹកចិត្ត និងបន្តថែរក្សាស្មារតីសាមគ្គីភាព និងការដឹងគុណចំពោះវីរភាពរបស់កងកម្លាំងការពារជាតិ។

ក្នុងឱកាសនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ សប្បុរសជន សមាគមរោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងសាធារណជន ដែលមានសទ្ធាជ្រះថ្លា សូមចូលរួមឧបត្ថម្ភជាថវិកា ឬសម្ភារៈ ដើម្បីរួមចំណែកជួយដល់ក្រុមគ្រួសារយុទ្ធជនពលី និងសម្ដែងនូវស្មារតីដឹងគុណចំពោះការលះបង់ដ៏ថ្លៃថ្លារបស់ពួកគាត់ក្នុងបុព្វហេតុការពារជាតិ និងប្រជាជន៕










