Feature

អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមី សម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីកិនកម្ទេច ឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងដកហូត នាពេលកន្លងមក ។

ក្នុងពិធីក្រោមអធិបតីភាព លោកស្រី តិមា វិច្ឆិកាល អភិបាលរង រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីលោក លោកស្រី តំណាង ស្ថាប័ន អង្គភាព អាជ្ញាធរមានសមត្ថកិច្ច និងនាយ-នាយរងអាវុធហត្ថ ពាក់ព័ន្ធជាច្រើនរូបទៀត។

តាមរបាយការណ៍ របស់សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីមានបទបញ្ជា របស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមី សម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦ ការិយាល័យជំនាញ រួមជាមួយមូលដ្ឋានអាវុធហត្ថ តាមបណ្តាខណ្ឌទាំង១៤ របស់អាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ បង្ក្រាបឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមី សម្រាប់ជក់ ចំនួន ១៤លើក ចាប់យកវត្ថុតាងសរុប ៣៦៥,៧៨៣ រួមមាន បារីអេឡិចត្រូនិក ចំនួន ២៦៩,០៣៣, ក្បាលជក់ ចំនួន ៦៩,៩១៣, ទឹកវ៉ែប ចំនួន ៧៩៤, ម៉ាស៊ីនកិនកញ្ឆា ចំនួន ៤៤៣ និងបារី ចំនួន ២៥,៦០០, ឃាត់ខ្លួនបណ្តោះអាសន្ន ជនជាប់ពាក់ព័ន្ធ ចំនួន ១៦នាក់។

ក្នុងនោះ បានអប់រំឲ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញចំនួន ១៤នាក់ និងបញ្ជូនទៅ តុលាការចំនួន ២នាក់ ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់ឲ្យ ក្រុមការងារចុះអប់រំ និងផ្សព្វផ្សាយ តាមបណ្តាមូលដ្ឋានសាលារៀន នូវទិដ្ឋភាពច្បាប់ និងផលវិបាកសង្គម ដោយសារការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាបារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ក្នុងគោលបំណងបង្កាទប់ស្កាត់ ជាបន្តបន្ទាប់ផងដែរ ដោយបានចុះផ្សព្វផ្សាយអប់រំ តាមបណ្តាសាលារៀនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានសិស្សានុសិស្សចូលរួម ចំនួន ៥០៣៤៧នាក់ និងអង្គការមូលនិធិកុមារកម្ពុជា ហៅកាត់អង្គការ CCF ចំនួន ១៦០នាក់។

ក្នុងពិធីនេះដែរ លោកស្រី តិមា វិច្ឆិកាល បានពាំនាំនូវមតិផ្ដាំផ្ញើរបស់ លោក ឃួង ស្រេង ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរ ជូនចំពោះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការបង្ក្រាបនិងដកហូត ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ជាច្រើនករណីកន្លងមកនេះ។

លោកស្រីបន្តថា សកម្មភាពបង្ក្រាបរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ពិតជាមានសារៈសំខាន់ ក្នុងការទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយផលិតផល នាំឲ្យប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពសង្គម ជាពិសេសក្នុងចំណោមយុវជន និងបានណែនាំ ឲ្យសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បន្តចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ខិតខំប្រឹងប្រែងធ្វើការបង្ក្រាប និងដកហូត ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់បន្តទៀត។

ជាចុងក្រោយ លោកស្រី ក៏បានលើកឡើង នូវពាក្យស្លោកដ៏មានអត្ថន័យមួយឃ្លាថា “យើងត្រូវបំផ្លាញបារីអេឡិចត្រូនិច មុនបារីអេឡិចត្រូនិច បំផ្លាញសង្គមជាតិយើង”៕

To Top