Feature

តំបន់ច្រកបឹងត្រកួន! យោធាថៃ ដាក់ពង្រាយទូកុងតឺន័រ កាន់កាប់ដោយខុសច្បាប់ ១៤ទីតាំង ,ពលរដ្ឋស៊ីវិលកម្ពុជា ជិត៨ពាន់នាក់ មិនទាន់អាចវិលត្រឡប់ ទៅកាន់លំនៅដ្ឋានវិញបាន

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ ដោយខុសច្បាប់ របស់យោធាថៃ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ ស៊ីវិលកម្ពុជាចំនួន ៧៨៧៣ នាក់ ស្មើនឹង ១៨៦៩គ្រួសារ (ក្នុងនោះមានកុមារចំនួន ១៨៤៧នាក់) មិនទាន់អាចវិលត្រឡប់ទៅ កាន់លំនៅដ្ឋានវិញបាននៅឡើយ។

ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និង ធ្វើរបាយការណ៍នៅទីតាំងខាងលើ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំនុចទីបួន នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញ ដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

កម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែន អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរ បានឯកភាពគ្នានាពេលកន្លងមក។

ក្នុងន័យនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដី ដោយខុសច្បាប់តាមរយៈ ការបង្កើតអង្គហេតុ សម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការ ទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃ មកលើបូរណភាពទឹកដីស្របច្បាប់ របស់កម្ពុជា៕

To Top