លោក ខូយ រីដា និងលោកបណ្ឌិត ទី នរិន្ទ ជួបសំណេះសំណាល សិស្សវិទ្យាល័យព្រះម្លូរ និងវិទ្យាល័យរំលេច ក្នុងដំណើរទស្សនកិច្ច ខេត្តសៀមរាប
សៀមរាប ៖ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន បានអញ្ជើញជួបសំណេះសំណាល និងទទួលស្វាគមន៍សិស្សក្រុមទី៣ មកពីវិទ្យាល័យព្រះម្លូរ និង វិទ្យាល័យរំលេច ដែលបានធ្វើដំណើរ មកកាន់ខេត្តសៀមរាប ដើម្បីចូលរួមទស្សនកិច្ចសិក្សា និងកម្សាន្ត ។

ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្តល់ឱកាស ដល់សិស្សានុសិស្ស បានសិក្សាស្វែងយល់ ពីតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងតំបន់ទេសចរណ៍សំខាន់ៗ ព្រមទាំងបង្កើន បទពិសោធន៍ និងចំណេះដឹង ក្រៅថ្នាក់រៀន ។
ក្នុងឱកាសនោះ លោក ខូយ រីដា និងលោកបណ្ឌិត ទី នរិន្ទ បានសម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិស្សានុសិស្ស និងបានផ្តល់ការណែនាំឱ្យ យកចិត្តទុកដាក់ក្នុងការសិក្សា គោរពវិន័យ រក្សាសុវត្ថិភាព និងប្រើប្រាស់ឱកាស នៃដំណើរទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីៗ ។

ដំណើរទស្សនកិច្ចរបស់សិស្សក្រុមទី៣នេះ ទទួលបានការឧបត្ថម្ភពីលោក កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងលោកបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ការអប់រំ និងការផ្តល់ឱកាសដល់សិស្សានុសិស្សបានសិក្សា និងទទួលបទពិសោធន៍ពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ។ សកម្មភាពនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រដល់វិស័យអប់រំ ព្រមទាំងការលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងសីលធម៌សម្រាប់សង្គមជាតិ ៕








អត្ថបទនេះដោយ÷ ខេម៉ា / ដើមអម្ពិល
