Feature

ឧបនាយករដ្ឋមន្ត្រី ស សុខា ទុកពេល ៤៨ម៉ោងឱ្យ ឆេង ភារុណ ចូលខ្លួនមកទទួលទោស បន្ទាប់ពីគេចខ្លួនទៅវៀតណាម

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទុកពេល ៤៨ម៉ោង ឱ្យបុគ្គលឈ្មោះ ឆេង ភារុណ ចូលខ្លួនមកទទួលទោស បន្ទាប់ពីប្រើហិង្សាយកដប់ប៊ីយែ វាយក្បាលបុរសម្នាក់។

បច្ចុប្បន្នបុគ្គលឈ្មោះ ឆេង ភារុណ កំពុងគេចខ្លួនទៅប្រទេសវៀតណាម។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ស សុខា ថា «តាមរយៈបណ្ដាញទំនាក់ទំនងសង្គមនេះ ខ្ញុំសូមផ្ញើសារណែនាំទៅកាន់ លោក ឆេង ភារុណ ដែលប្រព្រឹត្តអំពើហិង្សា ដោយយកដបស្រាវាយក្បាលជនរងគ្រោះ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នោះ សូមលោកមានភាពក្លាហាន និងស្មារតីភ្ញាក់រលឹក ចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់»។

ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ទុករយៈពេល៤៨ម៉ោង ឱ្យចូលខ្លួនមកសារភាព និងអនុវត្តនីតិវិធីជាមួយសមត្ថកិច្ច។ ក្នុងន័យនេះ លោក ក៏សូមលើកទឹកចិត្តឱ្យក្រុមគ្រួសារ និងមិត្តភក្ដិលោក ឆេង ភារុណ ជួយផ្ដល់ព័ត៌មាន និងពន្យល់ណែនាំបន្ថែម។

ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដែរថា បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយលើករណីនេះ ខ្ញុំបានទាក់ទងដោយផ្ទាល់ ទៅកាន់លោក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដោយបានស្នើសុំកម្លាំងមានសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលនេះ។

ដូច្នេះ ក្នុងរយៈពេលដូច ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ខាងលើ លោក ឆេង ភារុណ បើកំពុងនៅក្នុងប្រទេសវៀតណាម ត្រូវប្រញាប់វិលចូលមាតុប្រទេសដោយខ្លួនឯង និងកុំព្យាយាមពួនសំងំ ឬប៉ុនប៉ងធ្វើដំណើរបន្តទៅប្រទេសណាមួយ ពីព្រោះលោកប្រាកដជាដឹងច្បាស់ហើយថា គ្មានថ្ងៃអាចរួចខ្លួននោះទេ។

លោកឧបនាយករដ្ឋមន្ត្រី ក៏សូមយកឱកាសនេះ ជម្រាបជូនជនរួមជាតិថា ក្នុងនាមជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រូបលោកផ្ទាល់ និងក្នុងនាមក្រសួងមហាផ្ទៃ គឺដាច់ខាត មិនអនុញ្ញាតឱ្យជនល្មើស រួមទាំងករណីប្រព្រឹត្តអំពើហិង្សាខាងលើនេះ រួចផុតពីសំណាញ់ច្បាប់ឡើយ៕

To Top