Feature

បំផ្ទុះគ្រាប់៧៥mm មួយគ្រាប់នៅកែវសីមា ក្រោយមានសេចក្តីរាយការពីពលរដ្ឋ

មណ្ឌលគិរីៈ គ្រាប់ផ្លោងប្រភេទ៧៥មីលីម៉ែត្រ១គ្រាប់ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាននៃភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ដើម្បីបន្តស្វែងរកការអន្តរាគមន៍ បន្ថែមពីជំនាញបោសសម្អាតមីន។

នៅថ្ងៃទី២៣ ខែសីហា ការិយាល័យគ្របគ្រងអាវុធជាតិផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាល បានបញ្ជាកម្លាំងការិយាល័យ និងប៉ុស្តិ៍នគរបាលឃុំស្រែខ្ទុម ចូលរួមហ៊ុំព័ទ្ធទីតាំងប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ជាមួយកម្លាំងជំនាញបោសសម្អាតមីន អង្គការHALO TRUST ដោយបានកម្ទេច គ្រាប់ផ្លោងប្រភេទ៧៥មីលីម៉ែត្រ ១គ្រាប់ ស្ថិតនៅក្រោយបន្ទាយសឹករង ស្រុកកែវសីមា ដោយជោគជ័យ។

យោងតាមឯកសារគ្រាប់ប្រភេទនេះ ជាសំណល់យុទ្ធភណ្ឌសល់ពីសង្គ្រាម និងជម្លោះប្រដាប់អាវុធក្នុងតំបន់ឥណ្ឌូចិន ព្រោះមណ្ឌលគិរីស្ថិតនៅតំបន់ភាគឦសាន ដែលធ្លាប់មានសកម្មភាពយោធា និងការប្រយុទ្ធនៅសតវត្សទី២០។ហើយ CMAC ក៏រាប់បញ្ចូល មណ្ឌលគិរី ក្នុងតំបន់ប្រតិបត្តិការបោសសម្អាត UXO របស់ខ្លួនផងដែរ ៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top