លោក ប៉ែន បូណា ៖ ព័ត៌មានពិតពីកម្ពុជា ធ្វើឱ្យពលរដ្ឋខ្មែរ ឯនាយសមុទ្រ ឈប់ចាញ់បោកការភូតកុហក
ភ្នំពេញ ៖ កាលពីមុនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯនាយសមុទ្រ ជាច្រើនជឿតាមព័ត៌មានភូតកុហក របស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា ។ ប៉ុន្តែ ក្រោយពេលព័ត៌មាន ពិតត្រូវបានផ្សព្វផ្សាយព្រោងព្រាត តាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ពួកគេបានឃើញច្បាស់ថា កម្ពុជាពិត មិនដូចការឃោសនាភូតកុហកនោះឡើយ»។

នេះជាការកត់សម្គាល់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តព្រៃវែង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកការផ្លាស់ប្តូរទស្សនៈរបស់ពលរដ្ឋខ្មែរឯនាយសមុទ្រ ចំពោះប្រទេសកំណើតរបស់ខ្លួនថា ជាឧទាហរណ៍មួយ ដែលបញ្ជាក់ពីសារៈសំខាន់ នៃការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា។ តាមរយៈឧទាហរណ៍នេះ លោក ប៉ែន បូណា ជំរុញលើកទឹកចិត្តឱ្យក្រុមការងារព័ត៌មាន និងអ្នកនាំពាក្យក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលរាជធានី ខេត្ត បន្តផ្សព្វផ្សាយព័ត៌មាន ពិតពីកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងកាន់តែទូលំទូលាយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តថា រយៈពេលជិត ៣ទសវត្សរ៍ចុងក្រោយ ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីខុសឆ្ងាយពីអតីតកាលឆ្ងាយណាស់ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ នេះជាសមិទ្ធផលដ៏ធំធេងដែលយើងត្រូវផ្សព្វផ្សាយគ្រប់ជ្រុង គ្រប់ទិដ្ឋភាព ដើម្បីបន្សាបព័ត៌មានមិនពិត ឬព័ត៌មានមិនគ្រប់ជ្រុងជ្រោយដែលមានចេតនាបំផ្លើសបំភ្លៃការពិតពីកម្ពុជា ក្រោមអភិក្រម «និយាយការពិតដើម្បីការពារ» ពោលគឺការពារសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលឱ្យស្ថិតស្ថេរគង់វង្សទាំងនៅលើទិដ្ឋភាពជាក់ស្តែង ទាំងនៅក្នុងសតិអារម្មណ៍ ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី៕



