Feature

រដ្ឋមន្ត្រីបរិស្ថាន លើកឡើងចំណុចគន្លឹះ លើការផ្សារភ្ជាប់គ្នា រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ ប្រទេសកម្ពុជា គឺជាប្រទេសមួយ ងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ អាចកាត់បន្ថយ ផលិតផលក្នុងស្រុកសរុបប្រមាណ ៩,៨% នៅឆ្នាំ ២០៥០។

សេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យ ដែលងាយរងគ្រោះ ដោយការប្រែប្រួលអាកាសធាតុ ដូចជាកសិកម្ម នេសាទ ទេសចរណ៍ និងផ្នែកផលិតកម្ម។

នេះជាការលើកឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន កិត្តិយសនៅក្នុងវេទិកា «កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភា ស្តីពីប្រព័ន្ធស្បៀងអាហារដែលធន់នឹងអាកាសធាតុ និងការវិនិយោគកសិកម្មប្រកបដោយការទទួល ខុសត្រូវ៖ ជំរុញរបៀបវារៈ ASEAN RAI ដែលរៀបចំដោយ អន្តរសភាអាស៊ាន (AIPA) ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាជាតិ រាជធានីភ្នំពេញ។

លោក អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា សន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដឹកនាំកសាងនាពេលកន្លងមក គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបជាសកល ប្រកបដោយប្រសិទ្ធភាព ចំពោះការប្រែប្រួលអាកាសធាតុ។ សព្វថ្ងៃនេះ ក្រោមការដឹកនាំ ដ៏មានចក្ខុវិស័យច្បាស់លាស់ របស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោក បានថ្លែងថា ប្រទេសកម្ពុជា និងតំបន់អាស៊ាន មានការតភ្ជាប់ដ៏សំខាន់ ជាពិសេស មនុស្សរាប់លាននាក់ ពឹងផ្អែកដោយផ្ទាល់ ឬដោយប្រយោលលើវិស័យកសិកម្ម និងធនធានធម្មជាតិ សម្រាប់ជីវភាពរស់នៅ។ វិស័យកសិកម្ម បានទទួលរងគ្រោះខ្លាំង ដោយការប្រែប្រួលអាកាសធាតុ ដែលគំរាមកំហែងដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជន។ ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហាររបស់យើង និងការធ្វើកសិកម្មដែលធន់នឹងអាកាសធាតុ តម្រូវឱ្យមានការវិនិយោគបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាល ពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការកៀរគរហិរញ្ញវត្ថុ បច្ចេកវិទ្យា នវានុវត្តន៍ និងឱកាសទីផ្សារ ជាដើម៕

To Top