នាយករដ្ឋមន្ត្រីថៃ ធ្វើទស្សនកិច្ចគ្មានការអនុញ្ញាត ចូលក្នុងដែនដីអធិបតេយ្យ របស់កម្ពុជា នៅខេត្តព្រះវិហារ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុត ចំពោះដំណើរទស្សនកិច្ចរបស់នាយក- រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នាថ្ងៃទី២៥ សីហា ថា ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំង ប្រដាប់អាវុធថៃ កាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។
រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើ ខុសច្បាប់នេះបានឡើយ។ ដូច្នេះ ការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចធ្វើ ឱ្យមានភាពស្របច្បាប់ តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះបានឡើយ។
ដំណើរទស្សនកិច្ចនេះ គឺស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដូចដែល បានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាង ឥណ្ឌូចិន និងសៀម និងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានហាមឃាត់យ៉ាងច្បាស់ នូវសកម្មភាពបង្កហេតុ ដែលអាចបង្កើនភាពតានតឹង តាមបណ្តោយព្រំដែន។
រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា ទាំងផែនទីដែលគូស ដោយឯកតោភាគី ឬដំណើរទស្សនកិច្ចណាមួយ ដែលផ្អែកលើផែនទីបែបនេះ មិនអាចផ្លាស់ប្តូរខ្សែព្រំដែន ដែល ទទួលស្គាល់ជាអន្តរជាតិបានឡើយ៕
