មូលហេតុដែលសិស្សពូកែនិទ្ទេស B សម្រេចចិត្តជ្រើសរើសរៀនជំនាញ នៅវិទ្យាស្ថាន NIEI
ភ្នំពេញ ៖ យុវជន សុះ តៅម៉ឺងសឿ អតីតសិស្សនិទ្ទេស B បានប្រាប់ពីមូលហេតុ ដែលលោកសម្រេចចិត្តចូលរៀនជំនាញព័ត៌មានវិទ្យា នៅវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ (NIEI) ក្រោយចប់បាក់ឌុប គឺ ដោយសារតែចាប់អារម្មណ៍ លើជំនាញ ដែលមានសក្តានុពលសម្រាប់អនាគត ការសិក្សាផ្តោតលើការអនុវត្តច្រើន ហើយសាលាមានឧបករណ៍សម្ភារៈទំនើប បរិយាកាសល្អ គ្រូយកចិត្តទុកដាក់បង្រៀនមានប្រសិទ្ធភាពខ្ពស់ ។

អតីតសិស្សនិទ្ទេស A លោក សុះ តៅម៉ឺងសឿ លើកឡើងថា លោកចាប់អារម្មណ៍ និងសម្រេចជ្រើសរើសសិក្សាជំនាញព័ត៌មានវិទ្យានៅក្នុងវិស័យ TVET តាមរយៈការផ្សព្វផ្សាយអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញដោយលោកសង្កេតឃើញថា បរិយាកាសសិក្សានៅ NIEI មានភាពល្អប្រសើរ ទីធ្លាធំទូលាយ មានបន្ទប់ Lab សម្រាប់ឱ្យនិស្សិតអនុវត្តជាក់ស្ដែង ព្រមទាំងមានបណ្ណាល័យ សម្រាប់សិក្សា និងស្រាវជ្រាវ ដែលជួយសម្រួលដល់ ដំណើរការសិក្សារបស់និស្សិត។
លោកនិយាយថា៖ «ការសិក្សានៅទីនេះ មិនផ្ដោតតែលើទ្រឹស្ដីមួយមុខទេ គឺមានការអនុវត្តជាក់ស្ដែង និងមានឧបករណ៍សម្ភារៈទំនើបៗ សម្រាប់ឱ្យនិស្សិតអនុវត្តផ្ទាល់ ដែលធ្វើឱ្យខ្ញុំអាចយល់ពីមេរៀនបានកាន់តែច្បាស់»។
បន្ថែមពីលើការអនុវត្តជាក់ស្ដែង លោកក៏បានបង្ហាញការពេញចិត្ត ចំពោះការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ដែលមានការយកចិត្តទុកដាក់ចំពោះសិស្ស និស្សិត ហើយថែមទាំងផ្ដល់ឱកាសឱ្យសិស្សអនុវត្តជាក់ស្ដែងនៅក្នុងបន្ទប់ Lab ដើម្បីពង្រឹងការយល់ដឹងពីមេរៀនបានលឿន។

អតីតសិស្សនិទ្ទេស B រូបនេះ បានណែនាំដល់យុវជន ដែលទើបប្រឡងចប់បាក់ឌុប និងកំពុងស្ទាក់ស្ទើរក្នុងការជ្រើសរើសកន្លែងសិក្សា ឱ្យពិចារណាលើការសិក្សាក្នុងវិស័យ TVET ដោយសារមានជំនាញជាច្រើន សម្រាប់ជ្រើសរើស មានឧបករណ៍សម្រាប់អនុវត្តជាក់ស្ដែង បរិយាកាសសិក្សាល្អ និងលោកគ្រូ អ្នកគ្រូដែលមានបទពិសោធខ្ពស់លើមុខជំនាញនីមួយៗ៕
