ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនវីរកងទ័ព នៅសមរភូមិមុខស្រុកវាលវែង
ស្រុកវាលវែង ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ខូយ រីដា គណៈអភិបាល ខេត្តពោធិ៍សាត់ និងមន្ត្រីរាជការពាក់ព័ន្ធជុំវិញខេត្ត ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្បៀង អាហារ ព្រមទាំងសម្ភារៈចាំបាច់មួយចំនួន ជូនដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើង បំពេញភារកិច្ចការពារបូរណភាពទឹកដី នៅសមរភូមិមុខទិសទី៤ នៃយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ពិធីនេះធ្វើឡើង ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ការគាំទ្រ និងការដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់ កម្លាំងកាយចិត្ត បំពេញតួនាទីយ៉ាងស្មោះត្រង់ និងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាពលរដ្ឋ ។ ការនាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់ទៅជូនដល់កងទ័ពនៅសមរភូមិមុខ ក៏ជាការបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីភាព រវាងប្រជាពលរដ្ឋនៅសមរភូមិក្រោយ ជាមួយវីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតំបន់មុខ ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ។

ក្នុងឱកាសនោះ ក៏មានការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់បងប្អូនវីរកងទ័ព ឱ្យបន្តខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ ខ្ជាប់ខ្ជួន និងរក្សាបាននូវសាមគ្គីភាព ឯកភាពជាតិ ដើម្បីការពារបូរណភាពទឹកដី និងសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា ។

ពិធីជួបសំណេះសំណាលនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋនៅសមរភូមិក្រោយ តែងតែឈរនៅជាមួយកងទ័ព និងផ្តល់ការគាំទ្រគ្រប់ពេលវេលា ដើម្បីជាកម្លាំងចិត្តដល់វីរកងទ័ព ដែលកំពុងបំពេញបេសកកម្មការពារជាតិ និងមាតុភូមិ៕






អត្ថបទនេះដោយ÷ ខេម៉ា/ដើមអម្ពិល
