មន្ត្រីក្នុងក្របខណ្ឌ ក្រសួងមហាផ្ទៃស្រវឹង បើកបុកគេ អាចនឹងបណ្តេញចេញ
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា មន្ត្រីក្នុងក្របខណ្ឌក្រសួងមហាផ្ទៃបើសិនជាស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចខ្លួន អាចនឹងត្រូវបណ្តេញចេញពីក្របខណ្ឌ។
ការលើកឡើង របស់លោកបណ្ឌិត ទូច សុឃៈ នេះ បន្ទាប់ពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញជាគោលការណ៍ លើមន្រ្តីក្រសួងមហាផ្ទៃ ដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍នឹងបណ្តេញចេញពីក្របខណ្ឌ ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមនៅមុននេះបន្តិចថា មន្រ្តីទាំង៣ប្រភេទរបស់ក្រសួងមហាផ្ទៃ ដែលពិសារគ្រឿងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ នឹងប្រឈមមុខការបណ្តេញចេញ ។
លោកបណ្ឌិត ទូច សុឃៈ សង្កត់ធ្ងន់ថា “ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃមន្រ្តីទាំង៣ប្រភេទដែលមានរដ្ឋបាលស៊ីវិល មាននគរបាលជាតិ និងមន្រ្តីពន្ធនាគារដែលទទួលទានគ្រឿងស្រវឹងបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ នឹងប្រឈមនឹងការបណ្តេញចេញពីក្របខណ្ឌ ។ នេះមិនទាន់ទាំងគិតទៅដល់ការទទួលខុសត្រូវផ្សេងៗនៅឡើយទេ” ។
លោកបន្តថា ប្រសិនបើជាមន្រ្តីទាំង៣ប្រភេទ ស្ថិតនៅក្រោមចំណុះក្រសួងមហាផ្ទៃនេះ ទទួលទានគ្រឿងស្រវឹង ហើយទៅរករឿងបង្កជម្លោះជាមួយនឹងអ្នកដទៃ បង្កភាពវឹកវរ និង អសីលធម៌សង្គម នៅតាមទីសាធារណៈនានា ក៏ប្រឈមមុននឹងការបណ្តេញចេញពីក្របខណ្ឌផងដែរ ៕
