Feature

កម្ពុជាបង្ហាញវត្តមានជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្ត និយាយភាសាបារាំង អង់ហ្គូលែម នៅបារាំង

ភ្នំពេញ ៖ កម្ពុជាបានបង្ហាញវត្តមានជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម លើកទី១៩ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។

ពិធីបើកសម្ពោធជានិមិត្តរូបបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។

ព្រះអង្គបានយាងចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់បំផុត ស្របតាមព្រះរាជតម្រិះដ៏ថ្លៃថ្លា និងព្រះរាជហឫទ័យទុកដាក់ដ៏ជ្រាលជ្រៅ របស់ព្រះករុណា ព្រះមហាក្សត្រ។ ក្នុងឱកាសថ្លែងព្រះសុន្ទរកថាបើកព្រឹត្តិការណ៍ ដែលអមដោយវត្តមានលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង, លោក François HOLLANDE អតីតប្រធានាធិបតីបារាំង, តំណាងអង្គការហ្វ្រង់កូហ្វូនី និងអាជ្ញាធរដែនដីបារាំង, សម្តេចរាជបុត្រីព្រះអនុជ បានសម្តែងនូវគារវកិច្ច និងការរំឭកគុណូបការៈដ៏ជ្រាលជ្រៅបំផុតចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គជាផលិតករភាពយន្តដ៏មានជំនក់ចិត្ត និងជាស្ថាបនិកមួយព្រះអង្គនៃអង្គការហ្វ្រង់កូហ្វូនី ។

ស្នាព្រះហស្តភាពយន្ត ជាភាសាបារាំងរបស់ព្រះអង្គ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីអត្តសញ្ញាណ គុណតម្លៃ និងភាពសម្បូរបែប នៃវប្បធម៌ខ្មែរ ទៅកាន់សហគមន៍ហ្វ្រង់កូហ្វូន និងឆាកអន្តរជាតិ។ ភាពយន្តមួយរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ក្រោមចំណងជើងថា «រស់ដោយសប្បាយ» ស្ថិតក្នុងចំណោមភាពយន្តខ្មែរទាំង ៩ រឿងដែលត្រូវបានជ្រើសរើសមកចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តនេះ។ ផ្ទាំងទស្សនីយភាពទាំង៩រឿង លាតត្រដាងពីទំព័រប្រវត្តិសាស្រ្តកម្ពុជាក្នុងរយៈពេល៤ទសវត្សរ៍ ព្រមទាំងឆ្លុះបញ្ចាំងពីភាពរស់រវើកនៃសិល្បៈវប្បធម៌ និងភាពរឹងមាំរបស់ប្រជាជនខ្មែរ ក្នុងការតស៊ូជំនះការលំបាក និងទុក្ខវេទនាក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ស្របពេលជាមួយគ្នានៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កិច្ចសហប្រតិបត្តិការវិមជ្ឈការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា និងបារាំង ក៏ត្រូវបានកត់ត្រាផងដែរ។

សូមបញ្ជាក់ថា ខណៈកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅប៉ុន្មានខែខាងមុខនេះ វត្តមានដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងនាមជាប្រទេសកិត្តិយសនៃមហោស្រពភាពយន្តអង់ហ្គូលែម និងការពង្រីកភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា-បារាំង គឺជាសក្ខីភាព និងជាជំហានថ្មីមួយទៀតក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត ស្របពេលដែលប្រទេសទាំងពីរកំពុងបោះជំហានឆ្ពោះទៅរកការលើកកម្ពស់កម្រិតទំនាក់ទំនងនៃ «ភាពជាដៃគូយុទ្ធសាស្ត្រ»៕

To Top