រដ្ឋមន្ត្រីព្រីតថេន ៖ ទោះស្ថិតក្នុងស្ថានភាពជម្លោះ កុមារត្រូវតែបន្តអប់រំ
ភ្នំពេញ ៖ លោកស្រី Baroness Winterton រដ្ឋមន្ត្រីព្រីតថេន ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានលើកឡើងថា បើទោះបីជាស្ថិតនៅក្នុងស្ថានភាព ជម្លោះរវាងកម្ពុជា-ថៃ យ៉ាងណាក៏ដោយ កុមារភាព និងការអប់រំត្រូវតែបន្ត ។

ការលើកឡើងរបស់រដ្ឋមន្ត្រីព្រីតថេន ក្នុងឱកាសចុះជួបសហគមន៍ ដែលរងផលប៉ះពាល់ពីភាពតានតឹង តាមបណ្តោយព្រំដែន នៅតំបន់គោកប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីបញ្ហាប្រឈម ដែលគ្រួសារកំពុងជួបប្រទះ និងភាពខុសគ្នា ដែលការគាំទ្រ របស់ព្រីតថេនកំពុងបង្កើតឡើង។

នាឱកាសនោះ រដ្ឋមន្ត្រីព្រីតថេន បានឃើញដោយផ្ទាល់នូវកម្មវិធីអប់រំដែលគាំទ្រដោយព្រីតថេន បានជួបកុមារដែលមានភាពក្លាហាន និងដែលបានឆ្លងកាត់បទពិសោធន៍លំបាក ប៉ុន្តែនៅតែបន្តខិតខំសិក្សា ព្រមទាំងបានស្តាប់ពីគ្រួសារ និងថ្នាក់ដឹកនាំសហគមន៍អំពីអាទិភាព និងតម្រូវការរបស់ពួកគេ។

ជាមួយគ្នានេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងរដ្ឋមន្ត្រីបានពិភាក្សាអំពីរបៀបដែលព្រីតថេនអាចបន្តធ្វើការជាមួយដៃគូក្នុងស្រុក ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងជួយឱ្យកុមារអាចបន្តសិក្សានៅសាលារៀន។
ក្នុងគ្រាលំបាក ការចុះជួប និងស្តាប់អ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ គឺមានសារៈសំខាន់ និងភាពជាដៃគូ និងកិច្ចសន្ទនាក៏មានសារៈសំខាន់ផងដែរ។

សូមបញ្ជាក់ថា ព្រីតថេនប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា និងដៃគូ ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ ជួយឱ្យកុមារបន្តការសិក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិ និងកិច្ចសន្ទនាដោយសន្តិវិធីរវាងថៃ និងកម្ពុជា៕

