ស្ពាននិងកំណាត់ផ្លូវ ជាង១៧០០ម៉ែត្រ តភ្ជាប់ភូមិព្រៃស្នួល-វត្តអង្គទន្លាប់ នឹងត្រូវស្ថាបនា យ៉ាងយូរដើមឆ្នាំ២០២៧
តាកែវ៖ ស្ពានចាស់ទ្រុឌទ្រោម និងកំណាត់ផ្លូវ តភ្ជាប់ពីភូមិព្រៃស្នួល ទៅកាន់វត្តអង្គទន្លាប់ ប្រវែងជាង១៧០០ម៉ែត្រ ដែលមានទីតាំងនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នឹងត្រូវស្ថាបនាឡើងវិញ យ៉ាងយូរនៅដើមឆ្នាំ២០២៧ខាងមុខ។ នេះបើតាមការបញ្ជាក់ ពីលោក ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ លោក ពិត ករុណា បានបញ្ជាក់ថា «ផ្លូវនៅភូមិព្រៃស្នួលនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ក្នុងការងារដេញថ្លៃ ដើម្បីជួសជុល ជាផ្លូវក្រាលគ្រួសក្រហម មានប្រវែង១៧០០ម៉ែត្រ និងស្ពានបេតុងប្រវែង២៤ម៉ែត្រ លូប្រអប់១កន្លែង ហើយធ្វើជាពហុឆ្នាំ ដោយឆ្នាំនេះ ធ្វើ១៧០០ម៉ែត្រសិន និងឆ្នាំក្រោយធ្វើជាបន្តបន្ទាប់ទៀត»។

លោក ពិត ករុណា បញ្ជាក់បន្ថែមថា «បច្ចុប្បន្នផ្លូវនេះ ស្ថិតនៅក្នុងនិតិវិធីលទ្ធកម្ម អាចចុងឆ្នាំ២០២៦ ឬយ៉ាងយូរដើមឆ្នាំ២០២៧ នឹងអាចចាប់ផ្ដើមអនុវត្តន៍គម្រោងនេះបានហើយ»។

សូមរំលឹក ផ្លូវនិងស្ពាននេះ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់ពុទ្ធបរិស័ទ ចំណុះជើងវត្តអង្គទម្លាប់ ប៉ុណ្ណោះទេ គឺបច្ចុប្បន្នស្ពាននិងកំណាត់ផ្លូវមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ២ ដោយកំណើននៃកម្មករ កម្មការនី មានការកើនឡើងខ្លាំង នៅក្នុងតំបន់នេះ។

ជំនួសមុខ ឱ្យអ្នកភូមិព្រៃស្នួលនិងប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវនេះ លោក សយ សុភាព បានថ្លែងអំណរគុណ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានលោក ឆាយ ឬទ្ធីសែន ជារដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ ចំពោះសំណើរនេះ៕






