៣០ឆ្នាំមកនេះ កម្ពុជាសម្រេចសមិទ្ធផល ធម្មនុញ្ញដ៏ថ្លៃថ្លា
ភ្នំពេញ ៖ លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍ថា ការអនុវត្តរដ្ឋធម្មនុញ្ញ រយៈពេល៣០ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផល ធម្មនុញ្ញដ៏ថ្លៃថ្លាយ៉ាងច្រើន។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ” លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញ បានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ គឺជាតិ សាសនា ព្រះមហាក្សត្រ អមជាមួយគុណតម្លៃ ធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពី “គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា”។
លោកបន្តថា ក្នុងដំណើរការអនុវត្តជាក់ស្តែង ការបន្សាំបន្ស៊ីគ្នា នៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួលនិងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ញុំាងឱ្យរដ្ឋធម្មនុញ្ញនេះនិងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣ ។
លោកបន្ថែមថា អនុវត្តរដ្ឋធម្មនុញ្ញរយៈពេល៣០ឆ្នាំ កម្ពុជាសម្រេចបាន សមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា គឺការបង្កើតឡើងវិញ នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្នុងទម្រង់ជារាជានិយមជឿនលឿន ស្របនឹងបរិបទនៃសង្គមខ្មែរ ដែលមានអង្គព្រះមហាក្សត្រគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ជាតិ និង ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។
ចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស កម្ពុជាសម្រេចបានជំហានវឌ្ឍនភាពថ្មីៗ តាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ៗ។ ក្នុងនោះកម្ពុជាតម្កល់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបន្ថែមថា ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ស្របនឹងរដ្ឋធម្មនុញ្ញ។ កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយទទួលស្គាល់ គោរព និងការពាររបបកម្មសិទ្ធិឯកជន។ ជាមួយគ្នានេះ រដ្ឋយកចិត្តទុកដាក់ដល់ផលប្រយោជន៍ប្រជាជនជាធំ ដោយលើកស្ទួយយុត្តិធម៌សង្គម ធានាសមធម៌ក្នុងការបែងចែកផលនៃកំណើនសេដ្ឋកិច្ច ៕
