Feature

រដ្ឋមន្ត្រី ហួត ហាក់ ៖ ភាពរីកចម្រើន នៃវិស័យទេសចរណ៍កម្ពុជា​ ត្រូវបានចាត់ទុកជា «មាសបៃតង»

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសរំលេចអំពីវឌ្ឍនភាព និងភាពរីកចម្រើន នៃវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា «មាសបៃតង» ក្រោមម្លប់សុខសន្តិភាព ។

ការលើកឡើងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញជាគណៈអធិបតី​ ក្នុងពិធីបើក «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសវៀតណាម» ដោយមានការចូលរួមពី លោក Nguyễn Trùng Khánh ប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម (VNAT) លោកស្រី ទូច សុផារ័ត្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ ក្នុងអំឡុងពេលដែលលោករដ្ឋមន្ត្រី ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់​ អំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ដឹកនាំប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា បំពេញទស្សនកិច្ចការងារផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ព្រមទាំងលើកកម្ពស់ កិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយប្រទេសវៀតណាម ។

ក្នុងសុន្ទរកថាបើកកម្មវិធីនេះ លោក ហួត ហាក់ បានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ និងដៃគូទេសចរណ៍វៀតណាម ដែលបានចូលរួមគាំទ្រ និងសហការរៀបចំព្រឹត្តិការណ៍ «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសវៀតណាម» ដែលបានចាត់ទុកព្រឹត្តិការណ៍នេះថា ជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែសកម្ម និងជាក់ស្តែង ជាពិសេសជាឱកាសសំខាន់ សម្រាប់ជំនួបពិភាក្សា និងបង្កើតកិច្ចសហការ រវាងក្រុមហ៊ុនទេសចរណ៍​ នៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីវឌ្ឍនភាព និងភាពរីកចម្រើន នៃវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា «មាសបៃតង» ក្រោមម្លប់សុខសន្តិភាព ដែលសម្រេចរកបានដោយលំបាក ដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈការទទួលរៀបចំ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ និងកម្រិតខ្ពស់ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រួមមាន មហាសន្និបាតពិភពលោក (GX Summit 2026) ដែលប្រមូលផ្តុំប្រតិបត្តិករទេសចរណ៍ គ្រប់ទ្វីបជិត១ ០០០នាក់ កិច្ចប្រជុំកំពូលបណ្តាប្រទេស​ និយាយភាសាបារាំង (Francophonie) លើកទី២០ ព្រមទាំងព្រឹត្តិការណ៍អមដូចជា «ភូមិហ្វ្រង់កូហ្វនី» និង «Francotech» ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ជាង៩០ប្រទេស ថ្នាក់ដឹកនាំក្រុមហ៊ុនពហុជាតិ ពីគ្រប់ប្រទេសនៃពិភពលោក។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវ​ ដល់តំណាងសមាគមទេសចរណ៍ វិស័យឯកជន អ្នកជំនាញ និងដៃគូទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ចូលរួមផ្សព្វផ្សាយពីសុខសន្តិភាព ស្ថិរភាព និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកទស្សនា និងវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានសុវត្ថិភាព និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតពិភពលោក (GX Summit 2026) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងកិច្ចប្រជុំកំពូល បណ្តាប្រទេសនិយាយភាសាបារាំង (Francophonie) លើកទី២០ ដែលនឹងប្រារព្ធឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងមានព្រឹត្តិការណ៍អមដូចជា «ភូមិហ្វ្រង់កូហ្វនី» និង «Francotech»៕

To Top