រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ វៀតណាម ឯកភាពជំរុញកិច្ចសហការទេសចរណ៍រួមគ្នា ក្នុងជំនួបការងារត្រីភាគី ជាប្រវត្តិសាស្ត្រលើកដំបូង
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ជាប្រវត្តិសាស្ត្រលើកដំបូង ត្រូវបានប្រព្រឹត្តិទៅក្រោមទស្សនវិស័យ អនុវត្តជាក់ស្តែងរួមគ្នា និងផ្តល់លទ្ធផលជាផ្លែផ្ការួមគ្នា ជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន នៃប្រទេសទាំងបី ក្រោមចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ជាលើកដំបូងជាប្រវត្តិសាស្រ្ត ដោយមានការចូលរួម ពីលោកស្រី Lam Thi Phuong Thanh រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងលោកស្រី Suanesavanh Vignaket តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១ នេះ គឺជាកិច្ចប្រជុំជាប្រវត្តិសាស្ត្រ របស់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យទេសចរណ៍ នៃប្រទេសទាំងបី (កម្ពុជា ឡាវ និងវៀតណាម) ស្របតាមស្មារតី កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងប្រទេសទាំងបី គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ដែលបានទទួលការគាំទ្រ ពីប្រមុខរដ្ឋាភិបាល នៃប្រទេសជាមិត្តទាំងពីរ ព្រមទាំងជាការអនុវត្តការឯកភាព ដែលសម្រេចបានក្នុងជំនួបការងារត្រីភាគី លើកទី១ នាឱកាសវេទិកាទេសចរណ៍ អាស៊ាន ឆ្នាំ២០២៦ ដែលភាគីទាំងបី បានឯកភាពតម្លើងកម្រិត កិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ពីថ្នាក់មន្ត្រីជំនាញមកថ្នាក់រដ្ឋមន្ត្រី។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងបី បានឯកភាពបង្កើតជាផ្លូវការនូវ យន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ ថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីជំរុញ និងសម្របសម្រួល កិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ភាគីទាំងបី ក៏បានអនុម័តផែនការសកម្មភាពរួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ឆ្នាំ២០២៦-២០២៨ ដោយកំណត់វិស័យអាទិភាពចំនួន៦ រួមមាន ការអភិវឌ្ឍ និងការតភ្ជាប់ផលិតផលទេសចរណ៍រួម ការសម្រួលការធ្វើដំណើរ និងការតភ្ជាប់ការដឹកជញ្ជូន រវាងប្រទេសទាំងបី ការផ្សព្វផ្សាយ និងកសាងម៉ាកយីហោរួម ក្រោមចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» ការកសាងសមត្ថភាពមន្ត្រីទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ ។
តាមរយៈកិច្ចប្រជុំអន្តរជាតិ ប្រកបដោយផ្លែផ្កានេះ ភាគីទាំងបី បានឯកភាពបន្តជំរុញការអនុវត្តចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍រួម «ដំណើរកម្សាន្តម្តង បីគោលដៅ» ការជំរុញការតភ្ជាប់ ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងប្រទេសទាំងបី ក៏ដូចជាការផ្សព្វផ្សាយរួម នូវគោលដៅទេសចរណ៍ CLV ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងរួម សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងបី៕








