ក្រសួងវប្បធម៌ ឱ្យបញ្ឈប់ការលក់ដូរសំលៀកបំពាក់ មានរំលេចខ្លឹមសារ គ្រោតគ្រាត មិនសមរម្យ និងអសុរស
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការលក់អាវយឺត មានពាក្យថា «ធ្វើល្អ បានអាចម៍» «ចាញ់ជាព្រះ ឈ្នះជាអញ» «ជេរអញ អញជេរវិញ» ទាំងនេះ ជាទង្វើអសីលធម៌នៅក្នុងសង្គម។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ក្រសួងវប្បធម៌ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ បានចុះទៅអប់រំណែនាំអាជីវករដែលបានដាក់តាំងលក់អាវយឺតដែលមានរំលេចខ្លឹមសារមិនសមរម្យ អសុរោះ។

ក្រសួង បន្ដថា ក្រោយពិនិត្យឃើញមានការតាំងលក់អាវយឺតដែលរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរោះ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ បានចុះទៅធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំពាក់ដែលមានរំលេចនូវខ្លឹមសារ គ្រោតគ្រាត មិនសមរម្យ អសុរស ទាំងនេះ ដែលជាទង្វើអសីលធម៌នៅក្នុងសង្គម៕

