ព្រះមហាក្សត្រ ៖ ការជ្រើសកម្ពុជា សម្រាប់រៀបចំសន្និសីទ ISC-2 ពិតជាមានអត្ថន័យ ពិសេសខ្លាំង
ភ្នំពេញ ៖ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ការជ្រើសរើសកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ពិតជាមានអត្ថន័យ ពិសេសខ្លាំងណាស់ ។
ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម ៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ការជ្រើសរើសព្រះរាជាណាចក្រកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំសន្និសីទនេះ មានអត្ថន័យ ពិសេសខ្លាំងណាស់ ព្រោះកម្ពុជាស្ថិតនៅចំណុចប្រសព្វនៃអរិយធម៌, វប្បធម៌, និងប្រជាជន។ ឆ្លងកាត់ប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជា ជាទឹកដីនៃការផ្លាស់ប្តូរ ការប្រាស្រ័យទាក់ទងជាមួយគ្នា និងកិច្ចសហប្រតិបត្តិការ។
ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា រាជធានីភ្នំពេញ ដែលគេស្គាល់ថាជាទីក្រុងចតុម្មុខ ជាទីប្រសព្វនៃទន្លេបួន ពិតជាផ្តល់នូវនិមិត្តរូបដ៏សក្តិសម សម្រាប់ការជួបជុំនាពេលនេះ។ នៅទីនេះ ខ្សែទឹកផ្សេងៗហូរមកជួបប្រសព្វគ្នា ដោយទន្លេនីមួយៗនៅតែរក្សាបាននូវអត្តសញ្ញាណ និងលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែរួមគ្នាហូរឆ្ពោះទៅកាន់ទិសដៅរួមតែមួយ ។ និមិត្តរូបនេះ បានឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីស្មារតីនៃសន្និសីទដែលប្រមូលផ្តុំថ្នាក់ដឹកនាំសភាមកពីតំបន់ វប្បធម៌ និងប្រព័ន្ធនយោបាយចម្រុះ ដើម្បីពង្រឹងការយោគយល់ គ្នាទៅវិញទៅមក កសាងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកដល់ផល ប្រយោជន៍រួម និងអនាគតប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមថា ប្រវត្តិសាស្ត្ររបស់កម្ពុជាបានផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ និងពិសេសចំពោះការពិភាក្សានៃសន្និសីទនេះ។ ប្រជាជាតិកម្ពុជាធ្លាប់ស្គាល់ទាំងភាពរុងរឿងដ៏ត្រចះត្រចង់នៃអរិយធម៌អង្គរ សោកនាដកម្មនៃសង្គ្រាម និងការបែកបាក់ ព្រមទាំងដំណើរដ៏វែងឆ្ងាយនៃការស្តារ និងកសាងជាតិឡើងវិញ។ ដោយបានឆ្លងកាត់ទុក្ខលំបាក និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាយល់យ៉ាងជ្រាល ជ្រៅអំពីតម្លៃដ៏វិសេសវិសាលនៃសន្តិភាព ការផ្សះផ្សាជាតិ និងការរួមរស់ដោយសុខដុមរមនា៕
