ព័ត៌មានជាតិ

ព្រះមហាក្សត្រ ៖ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ កម្ពុជាទទួលបានសន្តិភាពពេញលេញ

ភ្នំពេញ ៖ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា នយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាទទួលបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាព និងការអភិវឌ្ឍ។

ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា តាមរយៈការផ្សះផ្សាជាតិ, កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជា ទទួលបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាព និងការអភិវឌ្ឍ។ បទពិសោធនេះ រំលឹកថា សន្តិភាព មិនកើតឡើងដោយឯកឯងទេ។ សន្តិភាពត្រូវកសាងដោយភាពក្លាហាន នយោបាយ ការជឿជាក់ ការផ្សះផ្សា, កិច្ចសន្ទនា និងការគោរពនីតិរដ្ឋ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា សន្តិភាពដែលកម្ពុជាសម្រេចបានក្រោយការតស៊ូ និងការលះបង់ដ៏ធំធេង បានបើកផ្លូវឱ្យប្រទេសកម្ពុជា ដើរតួនាទីកាន់តែសកម្មក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមថា សន្តិភាពនេះ បានអនុញ្ញាតឱ្យកម្ពុជាធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយអាស៊ាន អនុតំបន់មេគង្គ និងសហគមន៍អន្តរជាតិ ព្រមទាំងពង្រីកការរួមចំណែករបស់ខ្លួនតាមរយៈការទូតសភា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សកម្មភាពមនុស្សធម៌ ការជំរុញកិច្ចសន្ទនាអន្តរជាតិ និងកិច្ចការបោសសម្អាតមីន ដើម្បីជា ប្រយោជន៍ដល់សន្តិភាព និងសន្តិសុខរួមរបស់មនុស្សជាតិ៕

To Top