ព័ត៌មានជាតិ

ព្រីតថេន នឹងបន្តគាំទ្រ ដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ សីហា លោកស្រី Baroness Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កុំមិនវែល និងអភិវឌ្ឍន៍ ព្រីតថេន បានឱ្យដឹងថា ព្រីតថេន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសនៃជំនួប, លោកស្រី រដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះការបើកចំហ និងឆន្ទៈមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗ សំដៅគាំទ្រគ្នាទៅវិញទៅមក និងជាផលប្រយោជន៍រួម នៃប្រទេស និងប្រជាជនទាំងពីរ ខណៈពេលដែលប្រទេសទាំងពីរ នៅមានវិស័យសក្តានុពលជាច្រើនទៀត ដែលអាចរួមចំណែក ដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ក្នុងឱកាសនោះដែរ លោកជំទាវបានបញ្ជាក់ជាថ្មីថា ព្រីតថេននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

លោកស្រី រដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយ និងផ្ដល់ការគាំទ្រដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស ការបន្តគាំទ្រ និងធានាឱ្យកុមារទទួលបានការអប់រំ ក្នុងអំឡុងពេលផ្លាស់ទីលំនៅដោយសារជម្លោះនេះផងដែរ។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ព្រមទាំងបានសម្ដែងនូវការ អរគុណចំពោះរដ្ឋាភិបាលព្រីតថេន ដែលផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅបន្តការសិក្សានៅព្រីតថេន។

សម្ដេចធិបតី ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការជាច្រើន ដែលប្រទេសទាំងពីរបានសហការគ្នា និងបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀត។

សម្តេចធិបតី ក៏បានអរគុណចំពោះលោកស្រី រដ្ឋមន្រ្តី បានធ្វើទស្សនកិច្ចនៅតំបន់រស់នៅរបស់ជនភៀសសឹកកម្ពុជា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

សម្ដេចធិបតី និងលោកស្រី រដ្ឋមន្រ្តី ក៏បានបន្តពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការជំរុញ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសក្តានុពលជាច្រើន រួមមាន ជាអាទិ៍៖ អប់រំ, ទេសចរណ៍, សន្តិសុខ និងការពារជាតិ, ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់រវាងវិស័យឯកជន និងឯកជន។

សម្តេចធិបតី បានជម្រាបលោកស្រីរដ្ឋមន្រ្តី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

To Top