សម្តេចធិបតី គូសបញ្ជាក់ពីសារៈសំខាន់ នៃស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗ សំដៅថែរក្សាសន្ដិភាព និងស្ថិរភាពក្នុងតំបន់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋសភាម៉ាឡេស៊ី បានឯកភាពគ្នាលើសារៈសំខាន់ នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមក រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗ ប្រកបដោយប្រសិទ្ធភាពសំដៅរួមចំណែក ដល់ការថែរក្សាសន្ដិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានសន្តិភាព។

ក្នុងជំនួបលោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី កំពុងស្ថិតក្នុងទិសដៅដ៏ត្រឹមត្រូវ និងបានផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយម៉ាឡេស៊ីនឹងបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានគូសរំលេចពីកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាមួយគ្នានេះ សម្ដេចធិបតី និងលោកប្រធានរដ្ឋសភា បានបន្តពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ, សុខាភិបាល, ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ទេសចរណ៍ ,ថាមពល, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។

លើសពីនេះ សម្តេចធិបតី និងលោកប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមក រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗ ប្រកបដោយប្រសិទ្ធភាពសំដៅរួមចំណែក ដល់ការថែរក្សាសន្ដិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជាថ្មីម្តងទៀត ចំពោះលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានជួយសម្របសម្រួល ឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងលើកឡើង អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕



