Feature

កងកម្លាំងប្រដាប់អាវុធថៃ ចូលជីកប្រឡាយ នៅតំបន់ចូកគ្រួស ក្នុងទឹកដីកម្ពុជា

ភ្នំពេញ ៖ កងកម្លាំងប្រដាប់អាវុធថៃ បានបញ្ជូនគ្រឿងចក្រធុនធ្ងន់ ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ក្នុងភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន ។

ក្រសួងបន្តថា នៅថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ក្នុងភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ។ ការរំលោភបំពាននេះបានកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចដោយគ្មានការ អនុញ្ញាតរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ មកកាន់តំបន់អានសេះ នៃខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
សេចក្តីប្រកាសបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើការតវ៉ាយ៉ាងខ្លាំង ចំពោះសកម្មភាពខាងលើ ដែលជាការរំលោភបំពាន យ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទី ខ្នាត ១លើ២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម និងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ (វិធានការកាត់បន្ថយ ភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាង ទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕

To Top