Feature

យុទ្ធនាការ ដាំកូនឈើហូបផ្លែ តាមខ្នងផ្ទះ នៅឃុំក្បាលត្រាច ដើម្បីលើកកម្ពស់ជីវភាព និងបរិស្ថានបៃតង

ពោធិ៍សាត់៖ នៅ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ យុទ្ធនាការដាំកូនឈើ ហូបផ្លែតាមខ្នងផ្ទះ ត្រូវបានរៀបចំឡើង នៅក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកកណ្ដៀង និងស្រុកក្រគរ ព្រមទាំងលោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារ ចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងឃុំអូរសណ្ដាន់ ។

យុទ្ធនាការនេះមានគោលបំណង ជំរុញឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើហូបផ្លែ នៅតាមលំនៅឋាន និងតំបន់សមស្របជុំវិញខ្នងផ្ទះ ដើម្បីបង្កើនភាពបៃតង កែលម្អបរិស្ថាន និងរួមចំណែកបង្កើនប្រភពអាហារ ព្រមទាំងចំណូលសម្រាប់គ្រួសារនាពេលអនាគត ។

ក្នុងឱកាសនោះ លោក ប្រាំង ជលសា និងលោក ទីវ រ៉ាវុឌ្ឍ បានចែកកូនឈើហូបផ្លែជូនប្រជាពលរដ្ឋក្នុងឃុំក្បាលត្រាច រួមមានដើមខ្នុរ ដើមដូង ដើមក្រូចឆ្មារ ដើមក្រូចពោធិ៍សាត់ ដើមក្រូចសើច ដើមស្វាយខ្ទិះ លោកក៍បានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សា និងដាំកូនឈើជាប្រចាំ ដោយចាត់ទុកការដាំដើមឈើ មិនត្រឹមតែជាការរួមចំណែក ការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតប្រភពផលិតផលកសិកម្ម សម្រាប់បរិភោគក្នុងគ្រួសារ និងអាចបង្កើតចំណូលបន្ថែមផងដែរ ។

យុទ្ធនាការដាំកូនឈើហូបផ្លែ តាមខ្នងផ្ទះនេះ ក៏ជាការជំរុញស្មារតីប្រជាពលរដ្ឋឱ្យចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសហគមន៍ ដែលមានបរិស្ថានស្អាត បៃតង និងមានសោភ័ណភាព ស្របតាមការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

អត្ថបទនេះដោយ÷ ខេម៉ា / ដើមអម្ពិល

To Top