Feature

លោកបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។

នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានោះគឺ លោក ចាន់ ស៊ីហា អគ្គនាយករងធនាគារARDB ធ្វើជាតំណាងធនាគារ និងលោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា ជាអ្នកចុះហត្ថលេខាផ្ទាល់ ហើយពិធីនោះក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំធនាគារ និងសមាជិកក្លិប អ្នកកាសែតកម្ពុជា ព្រមទាំងបងប្អូនអ្នកសារព័ត៌មានមកពីអង្គភាពមួយចំនួន។

លោកបណ្ឌិត កៅ ថាច បានមានប្រសាន៍ចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះនឹងមិនត្រឹមតែជួយបង្កើនការផ្សព្វផ្សាយអំពីវិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតង ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយបង្កើតបរិយាកាសមួយដែលព័ត៌មាន ចំណេះដឹង ហិរញ្ញវត្ថុ និងទីផ្សារអាចតភ្ជាប់គ្នាកាន់តែប្រសើរ។

លោកបណ្ឌិតប្រតិភូ បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា មានតម្លៃជាងការផ្សព្វផ្សាយអំពីស្ថាប័ន ពោល នេះជាកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតចំណេះដឹង បង្កើនការយល់ដឹង និងភ្ជាប់ព័ត៌មានទៅនឹងឱកាសអភិវឌ្ឍន៍ជាក់ស្តែង ។

អនុស្សរណៈនៃការយោគយល់គ្នា គោលបំណងសំខាន់ៗចំនួន៣៖ ទីមួយសហការរៀបចំកម្មវិធី កិច្ចពិភាក្សាកិច្ចសម្ភាសន៍ និងវេទិកាពិភាក្សា ដើម្បីផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតង ជូនសាធារណជន ទីពីរសហការផ្តល់ព័ត៌មាន ទិន្នន័យនិងខ្លឹមសារពាក់ព័ន្ធពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនស្ថាប័នសារព័ត៌មាន ដើម្បីគាំទ្រការផ្សព្វផ្សាយឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានមូលដ្ឋានព័ត៌មានគ្រប់គ្រាន់ សម្រាប់ទីបីចុងក្រោយធ្វើទស្សនកិច្ចយកព័ត៌-មាន និងបទយកការណ៍នៅតាមមូលដ្ឋាន និងទីតាំងអនុវត្តហិរញ្ញប្បទានដើម្បីឱ្យអ្នកសារព័ត៌មានអាចមើលឃើញដោយផ្ទាល់ពីសកម្មភាព លទ្ធផលនិងបញ្ហាប្រឈមរបស់កសិករ សហគមន៍និងសហគ្រាសផងដែរ ៕

To Top