លោក សួស យ៉ារ៉ា ៖ សន្និសីទសភា ISC-2 ជួយបំពេញបន្ថែម ដល់សមរភូមិការទូតរបស់រដ្ឋាភិបាល បង្ហាញនូវការទន្ទ្រានច្បាប់អន្តរជាតិ ពីសំណាក់ភាគីថៃ
ភ្នំពេញ៖ លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ថា សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ជាឱកាសបំពេញបន្ថែម នូវសមរភូមិការទូត របស់រាជរដ្ឋាភិបាល ប្រាប់ទៅកាន់គណៈប្រតិភូចូលរួម ឱ្យបានឃើញនូវការឈ្លានពាន ពីសំណាក់ភាគីថៃ លើដែនអធិបតេយ្យភាពកម្ពុជា ដែលនេះមិនត្រឹមតែជាបញ្ហាទ្វេភាគី កម្ពុជា-ថៃ នោះទេ តែជាការជាទន្ទ្រានច្បាប់អន្តរជាតិ ប៉ះពាល់ធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់នៅក្នុងតំបន់ និងសណ្តាប់ធ្នាប់ពិភពលោក ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក សួស យ៉ារ៉ា សមាជិកសភា បានឱ្យដឹងថា សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ បានក្លាយជាឱកាស សម្រាប់កម្ពុជា ពន្យល់ដល់ភាគីមិត្ត នូវបញ្ហាដែលកំពុងកើតមាន ជុំវិញជម្លោះព្រំដែន កម្ពុជា-ថៃ ដែលអាចឱ្យអន្តរជាតិឃើញកាន់តែច្បាស់ នូវការរំលោភបំពានច្បាប់អន្តរជាតិ ទាំងគឃ្លើនពីសំណាក់ប្រទេសថៃ ។

លោកបាន គូសបញ្ជាក់ថា អ្វីដែលថ្នាក់ដឹកនាំកម្ពុជា លើកឡើងក្នុងសន្និសីទ បង្ហាញថា សកម្មភាពរបស់ភាគីថៃ បានធ្វើឱ្យសន្តិភាព នៅក្នុងតំបន់ និងទំនុកចិត្ត នៃការកសាងវិបុលភាព របស់អាស៊ាន ឆ្នាំ២០៤៥ នឹងមិនអាចទៅរួច ។ ក្នុងន័យនេះ សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ក៏មិនមែនធ្វើឡើងដើម្បីឱ្យតំណាងគណៈប្រតិភូសភា ដែលអញ្ជើញចូលរួម មកស្តាប់ឮនូវការវាយប្រហារណាមួយ ពីសំណាក់កម្ពុជា ទៅកាន់ប្រទេសណាមួយឡើយ ប៉ុន្តែទាំងនេះគឺជាការលើកឡើង អំពីការមិនគោរពច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រ ដែលបានបង្កើតឡើង ដើម្បីធ្វើឱ្យកម្ពុជារងគ្រោះ ។

បន្ថែមលើនេះ កម្ពុជា បង្ហាញនូវការពិតជាក់ស្តែង នូវយុទ្ធសាស្ត្រ និងមហិច្ឆតាឈ្លានពានទឹកដី ផ្ទុយពីសច្បាប់អន្តរជាតិ ដោយរំលោភទៅគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ពីភាគីថៃ ដើម្បីបង្កើតជាតិនិយមជ្រុល ធ្វើឱ្យមានគ្រោះថ្នាក់ដល់ការទុកចិត្តគ្នា រវាងប្រជាជនផង អរិយធម៌ផង វប្បធម៌ផង ។ នេះជាអ្វីដែលលោក សួស យ៉ារ៉ា ពន្យល់បន្ថែម ។
ជាងនេះទៅទៀត លោក សួស យ៉ារ៉ា មានប្រសាសន៍ថា “ចំណុចដែលយើងបានលើកឡើងមក ហើយលើកឡើងនេះ ដើម្បីឱ្យយល់ថា ច្បាប់អន្តរជាតិនៅកន្លែងណា។ អ៊ីចឹងនៅពេលដែលយើងម្សិលមិញកំពុងប្រជុំ មានមនុស្សម្នាក់ ដែលជានាយករដ្ឋមន្ត្រីស្របច្បាប់ មកជាន់ទឹកដីនៃការឈ្លានពាន។ អ៊ីចឹងដូច្នេះ យើងបានលើកឱ្យច្បាស់ ជូនទៅមហាជន អ៊ីចឹងវេទិកាសភា គឺបានជួយបំពេញបន្ថែម ឱ្យអ្វីដែលជាការទូតរបស់រដ្ឋាភិបាល ។ ហើយបានយើងឃើញថា សម្តេចតេជោ ក៏លោកអញ្ជើញថ្លែង សម្តេចបវរធិបតី ដែលជានាយករដ្ឋមន្ត្រី ក៏លោកថ្លែង ហើយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ឯកឧត្តម ប្រាក់ សុខុន ក៏លោកថ្លែងដែរ។ អ៊ីចឹងយើងថ្លែងនៅគ្រប់ទិដ្ឋភាពទាំងច្បាប់ នៅក្នុងផ្នែកនីតិបញ្ញត្តិ នីតិប្រតិបត្តិ ហើយនិងការទូត ទាំងការទូតសភា ទាំងការទូតរដ្ឋ” ។
លោក សួស យ៉ារ៉ា បានសង្កត់ធ្ងន់ថា ការលើកឡើងពីបញ្ហាខាងលើ ក្នុងសន្និសីទសភា នៃអន្តរសភា ជាការធ្វើឡើងដោយស្របតាមគោលការណ៍បើកចំហរ ត្រឹមត្រូវ និងមិនលាក់លាមឡើយ ។

សូមរំលឹកថា ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ កាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជម្លោះព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែក៏ជាការព្រួយបារម្ភសកលផងដែរ ជុំវិញការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមានគោលការណ៍ មិនរំលោភបំពានព្រំដែន និងធម្មនុញ្ញអាស៊ាន ។
បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា សង្ឃឹមយ៉ាងមុតមាំ ចំពោះការយកចិត្តទុកដាក់ និងការគាំទ្របន្តទៀត ពីសំណាក់សហគមន៍អន្តរជាតិ ខណៈច្បាប់មិនអាចការពារសន្តិភាពបានទេ ប្រសិនបើរដ្ឋណាមួយ ត្រូវបានទុកចោលឱ្យនៅឯកោ នៅពេលដែលវិធានច្បាប់ត្រូវបានបំពាន៕
